ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ៖ ឥទ្ធិពលនៃការកើតស៊ូណាមិកម្រិតធំនៅជប៉ុន បានថមថយ ខណៈពលរដ្ឋខ្មែរមានសុខសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា​ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងភាគីជប៉ុនតាំងពីម៉ោង២ និង១០នាទីរសៀល រហូតដល់ម៉ោង៩យប់ម៉ោងនៅកម្ពុជា ពេលនេះហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល ហើយចំពោះមុខនេះនៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី ឬសហគមខ្មែរនៅជប៉ុន បានទំនាក់ទំនងស្នើសុំជំនួយពី ស្ថានទូតខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមនិយោជកជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយ។ 

បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុនបានជម្លៀសពលរដ្ឋ និងជនបរទេសដែលរួមទាំងបងប្អូនខ្មែរយើងទៅទីកន្លែងមានសុវត្ថិភាព។ 

សូមជម្រាបជូនថា​ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១ ខែមករាម្សិលមិញនេះ​ បានជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ ( កំរិត7.4 ) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលអាចបង្កឱ្យមានហានិភ័យ នៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa (ដែលកំពស់ទឹកអាចឡើងរហូតដល់៥ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo។

ជាមួយគ្នានេះ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព និងបន្តទាក់ទងយ៉ាងជិតស្និទចំពោះពលរដ្ឋខ្មែរនៅក្នុងតំបន់កើតហេតុ៕

ដោយ​៖ តារា​


ចែករំលែក៖