ខេត្តកំពង់ស្ពឺ៖ បុរសជាកូនប្រសាចិត្តស្លុយម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនភ្លាមៗ ខណៈដែលដើរផឹកស៊ីស្រវឹងត្រឡប់មកផ្ទះវិញត្រូវប្រពន្ធនិងម្តាយក្មេកជេរស្តីបន្តិចបន្តួច ទប់កំហឹងមិនបានទាញដំបងឈើវាយទៅលើម្តាយក្មេកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍កូនប្រសាវាយម្តាយក្មេករងរបួសធ្ងន់ហើយនគរបាលឃាត់បាននេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០១ ខែ មករា ឆ្នាំ២០២៤ នៅចំណុចទំនប់ពាមល្វា ភូមិពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបានឱ្យដឹងថា មានករណីអំពើហិង្សាក្នុងគ្រួសារមួយកើតឡើងដែលបង្កដោយជនសង្ស័យឈ្មោះ ឆាង ដា ភេទប្រុស អាយុ២៨ឆ្នាំត្រូវជាកូនប្រសា រស់នៅភូមិ ពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពយកដំបងឈើជ្រុងប្រវែង១៣០សង់ទីម៉ែត្រ វាយទៅលើម្តាយក្មេកឈ្មោះ ឡេង ចិន្តា អាយុ៥៨ឆ្នាំ រស់នៅផ្ទះជាមួយគ្នាត្រូវចំថ្ពាល់ខាងឆ្វេងបណ្តាលឱ្យរងរបួសឆ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បានបន្តថា រឿងហេតុខាងលើដែលបានកើតឡើងបណ្តាលមកពីជនសង្ស័យជាកូនប្រសាបានដើរលេងផឹកស៊ីស្រវឹងហើយត្រឡប់ចូលមកដល់ផ្ទះវិញត្រូវប្រពន្ធនិងម្តាយក្មេកជេរស្តីបន្តិចបន្តួច។ ពេលនោះ ជនសង្ស័យជាកូនប្រសាទប់កំហឹងមិនបានក៏ស្ទុះទៅយកដំបងទៅវាយម្តាយក្មេកបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយទទួលបានព័ត៌មាននេះកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា