ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឡឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់​ និងឆេះម៉ូតូជាច្រេីនគ្រឿងទាំងកណ្ដាលថ្ងៃត្រង់

ចែករំលែក៖

ភ្នំពេញ​ ៖​ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង​ និងម៉ូតូរាប់សិបគ្រឿង​ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​ បន្ទាប់ពីមានការផ្ទុះឡដុតយកកម្ដៅចំហាយខ្យល់មកអ៊ុតខោអាវ​ កាលពីវេលាម៉ោង១២​ និង២០នាទីថ្ងៃត្រង់​ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ ត្រាវីស ហ្គាម៉ិន (ខេមបូឌា)ឯ.ក  នៅផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ 

​      តាមប្រភពព័ត៌មានពីក្រុមកម្មករកម្មការិនីរោងចក្រខាងលេីបានប្រាប់ឱ្យដឹងថា​ ពួកគេបានឮសម្លេងផ្ទុះចេញពីឡកម្ដៅយកចំហាយខ្យល់សម្រាប់អ៊ុតខោអាវ​ ហេីយក៏មានអណ្ដាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅ​ ទើបនាំគ្នារត់ចេញ​ អ្នកខ្លះក៏យកម៉ូតូបាន​ ហេីយអ្នកខ្លះទៀតក៏យកម៉ូតូមិនបាន​ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយហៅរថយន្តពន្លត់អគ្គិភ័យឱ្យមកជួយអន្តរាគមន៍។ 

​    សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រោងចក្រឈ្មោះ ឈិន ឆាន់ ភេទប្រុស អាយុ ៤៧ឆ្នាំ(ជនជាតិចិន) មុខរបរ ម្ចាស់រោងចក្រ ។ មូលហេតុ: ផ្ទុះឡ (ចំហាយខ្យល់) ។ 

    ប្រភេទសំណង់: អគារថ្មប្រក់ស័ង្កសីទំហំ៧០ម៉ែត្រx៣០ម៉ែត្រ​ ខូចខាតសម្ភារៈ ម៉ូតូ៣២គ្រឿង និងកង់០២គ្រឿង (របស់កម្មករ)។

​     ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះដែរ​ កម្លាំងជំនាញបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ​ :​ ចំនួន០៦គ្រឿង រថយន្តពន្លត់អគ្គិភ័យ​ស្រាបៀរកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣០ម៉ែត្រគូប និងពន្លត់ចប់​នៅម៉ោង ១២:៥៥នាទី នាថ្ងៃខែឆ្នាំដដែល ដោយមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួស​ ឬបាត់បង់ជីវិតនោះទេ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖