ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថប្រមាណជាង១០០នាក់ បានចូលរួមសំអាតបរិស្ថាន ក្រោយបញ្ចប់កម្មពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៤

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រោយបញ្ចប់កម្មពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៤រួចមក នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ប្រមាណចំនួន ១២០នាក់ បានចូលរួមសំអាតអនាម័យ បរិស្ថាន នៅជុំវិញបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងអោយមានភាពស្រស់ស្អាតឡើងវិញ។

លោកវរសេនីយ៍ឯក កាន ផល្លា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអោយដឹងថា ដោយបានការណែនាំក៏ដូចជាបទបញ្ជារបស់លោកអភិបាលខេត្ត និងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងប្រមាណចំនួន ១២០នាក់ ដើម្បីចូលរួមធ្វើកិច្ចការងារសង្គម ព្រោះកិច្ចការងារសង្គម គឺជាកិច្ចការងារសំខាន់ដែលកងកម្លាំងត្រូវអនុវត្ត។

ជាក់ស្តែងបន្ទាប់ពីបុណ្យចូលឆ្លងឆ្នាំរួចមក កម្លាំងកងរាជអាវុធហត្ថក្រោមការដឹកនាំបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី កម្លាំងអាវុធហត្ថទាំងអស់បានចូលរួមក្នុងកិច្ចការងារសង្គម ក៏ដូចជាការងារសំអាតបរិស្ថាន ដើម្បីបរិស្ថានស្អាត ទីក្រុងស្អាត លើកកម្ពស់ទីក្រុងអោយកាន់តែមានភាពស្រស់ស្អាត សំដៅចូលរួមលើកកម្ពស់វិស័យទេសចរណ៍អោយកាន់តែមានភាពទាក់ទាញបន្ថែមទៀត៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖