ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាឱ្យពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និងក៏បានណែនាំឱ្យមានការពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព មាន០៧ចំណុច ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកសុខសុវត្ថិភាពក្នុងមូលដ្ឋានប្រកបដោយភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ។

នាឱកាសនោះដែរ​ លោកឧត្តមសេនីយ៍ឯក​ ស្នងការ​ ក៏បានណែនាំឱ្យមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា​ ត្រូវធ្វើអំពើល្អ និងការផ្តល់សេវាសន្តិសុខ និងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស។ ត្រូវពង្រឹងកិច្ចការជំនាញឱ្យមានគុណភាព បម្រើលើការអនុវត្តភារកិច្ចជំនាញឱ្យកាន់តែមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឱ្យមន្រ្តីអនុវត្តច្បាប់ត្រូវគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ និងគោរពវិន័យនគរបាលជាតិ និងវិជ្ជាជីវៈជំនាញ។ ពង្រឹងកត្តាសាមគ្គឺផ្ទៃក្នុងឱ្យបានល្អ មិនត្រូវទម្លាយព័ត៌មានផ្ទៃក្នុងអង្គភាពទៅខាងក្រៅនោះទេ។

ពិធីសំណេះសំណាលនេះមានការចូលរួមពីលោកស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌជ្រោយចង្វារ លោក-លោកស្រីអធិការរង នាយផ្នែកជំនាញ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ ចំណុះអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕

ដោយ​៖ តារា​


ចែករំលែក៖