ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមម៉ោង៦៖៤០នាទីល្ងាចថ្ងៃទី០៣ ខែមករានេះយន្តហោះ Airbus 330-202 កំពុងតែហោះវិលជុំជាង៤០ជុំ នៅក្នុងដែនអាកាសរបស់កម្ពុជាចំពីលើខេត្តកែប

ចែករំលែក៖

ភ្នំពេញ ៖ តាមព័ត៌មានបឋម គិតត្រឹមម៉ោង៦៖៤០នាទីល្ងាចថ្ងៃទី០៣ ខែមករានេះយន្តហោះ Airbus 330-202 កំពុងតែហោះវិលជុំជាង៤០ជុំ នៅក្នុងដែនអាកាសរបស់កម្ពុជាចំពីលើខេត្តកែប។ តាមព័ត៌មានពី Flightradar24 យន្តហោះនេះ បានចាកចេញពីព្រលានយន្តហោះ PHU QUOC (កោះត្រល់)តាំងតែពីម៉ោង៣៖២៤នាទីមកម៉្លេះ ក្នុងគោលដៅឆ្ពោះទៅប្រទេសម៉ុងហ្គោលី  ។

ជុំវិញបញ្ហានេះ គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់ការណ៍ណាមួយ ដែលបណ្ដាលឱ្យយន្តហោះមួយនេះ បន្តហោះវិលជុំជាង៣ម៉ោងនៅលើដែនអាកាសកម្ពុជានៅឡើយទេ។

ប្រភពខ្លះបញ្ជាក់ថា : យន្តហោះមួយគ្រឿង ក្រោយហោះចេញពីកោះត្រល់ ឆ្ពោះទៅប្រទេសម៉ុងហ្គោលី តែប្រហែលមានបញ្ហាបច្ចេកទេស ក៏ហោះចុះហោះឡើងនៅលើអាកាស ខាងដែនអាកាសវៀតណាមពាក់កណ្តាល និងខាងដែនអាកាសកម្ពុជា (កែប-កំពត) ពាក់កណ្តាល ដើម្បីឲ្យយន្តហោះជិតអស់សាំង អាចចុះចតនៅព្រលានកោះត្រល់វិញ!

ករណីនេះ ពលរដ្ឋនៅកែប និងកំពត អាចនឹងមានការភ្ញាក់ផ្អើល តែមន្រ្តីអាកាសចរណ៍វៀតណាម ក៏បានជូនដំណឹងនេះមកមន្រ្តីអាកាសចរណ៍កម្ពុជាយើងផងដែរ ហើយវៀតណាមជាអ្នកទទួលខុសត្រូវទាំងមូលសម្រាប់ករណីយន្តហោះមួយគ្រឿងនេះ! ៕

ដោយ ៖ សិលា


ចែករំលែក៖