ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំឯកសារពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ អង្គភាពជំនាញ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី និងលោក សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ របស់នាយកដ្ឋានជំនាញ និងមន្ទីរពិសោធន៍ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន/មន្ទីរពិសោធន៍ចំណុះនិងមន្រ្តីពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ។ 

ជាកិច្ចស្វាគមន៍ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានមានប្រសាសន៍ដឹកនាំនិងណែនាំដល់គ្រប់នាយកដ្ឋាន អង្គភាពចំណុះទាំងអស់បានរៀបចំប្រកាសពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ របស់ខ្លួនស្របតាមខ្លឹមសារអនុក្រឹត្យលេខ៣១៧ អនក្រ.បក.ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងឆន្ទះដ៏មោះមុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកសន្តិបណ្ឌិត នេត សាវឿន បានព្រាងរៀបចំកែសម្រួលនូវឯកសារគតិយុត្តមួយចំនួនសំដៅបន្ថែមប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕

ដោយ៖ តារា


ចែករំលែក៖