ព័ត៌មានទាន់ហេតុការណ៍៖

ឃើញសត្វកណ្ដៀរច្រើនពេកយកចំបើងដុតរោលធ្វើឱ្យឆាបឆេះផ្ទះអស់ទាំងស្រុង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានគ្រោះអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះប្រញាប់ប្រញាល់ដងទឹកជះនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍ ប៉ុន្តែអកុសលយឹតពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៤  ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រះបាក់ក ឃុំព្រៃធំ ស្រុកកំពង់រោទ៍។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះគង់ ឡាត់ ភេទស្រី អាយុ៧៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រះបាក់ក ឃុំព្រៃធំស្រុកកំពង់រោទ៍។

សម្ភារដែលខូចខាតរួមមាន៖ ផ្ទះមានទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រ សង់អំពីឈើសសរបេតុង ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ត្រូវបានខូចខាត ឆេះទាំងស្រុង, ស្រូវ៥បាវនិងអង្ករ០១បាវ,  ប្រាក់រៀលចំនួន១៥០.០០០៛(ដប់ប្រាំមុឺនរៀល)និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បើតាមម្ចាស់ផ្ទះបានអោយដឹងថា មុនកើតហេតុគាត់ឃើញសត្វកណ្ឌៀរជាច្រើននៅសសរឈើទើបគាត់យកចំបើង ដុតភ្លើងដើម្បីរោលវាអោយចេញ ស្រាប់តែភ្លើងឆេះរាលឡើងធ្វើអោយគាត់ភ័យស្រឡាំងកាំងហៅអ្នកភូមិឱ្យជួយជួយពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍យករថយន្តជួយបាញ់ទឹកពន្លត់ ប៉ុន្តែហួសពេលទៅហើយ ដោយភ្លើងឆេះពេញក្រមុំបាត់ទៅហើយ បានត្រឹមសោកស្ដាយប៉ុណ្ណោះ ប៉ុន្តែមិនបណ្ដាលអោយមានមនុស្ស រងគ្រោះថ្នាក់នោះទេ៕

ដោយ៖ សុថាន


ចែករំលែក៖