ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងរថយន្តនិងម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមន្ត្រីយោធាម្នាក់ស្លាប់ និងសិស្សសាលាម្នាក់រងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងរថយន្តនិងម៉ូតូនៅស្រុកស្វាយទាបនិងក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីទី១បានកើតឡើ វេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ ១៤២/១៤៣ ស្ថិតក្នុង ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង មាន ម៉ូតូមួយគ្រឿងម៉ាក ហុងដា dream ស៊េរីឆ្នាំ ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J -8464 បើកបរដោយឈ្មោះ សៀវ មាឌ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ យោធា (ស្លាប់) រស់នៅ​ភូមិដីក្រហម ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង  ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏បុកនិង រថយន្តមួយគ្រឿង ម៉ាក ប្រាដូ ពណ៌ស ផ្លាកលេខ ភ្នំពេញ ២AJ 6048 បើកបរដោយឈ្មោះ ចំរើន សុកេង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ បើកបរ ទិសដៅពីកើតទៅលិច រស់នៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទិសដៅផ្ទុុយគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

រីឯមធ្យោបាយទាំង២ គ្រឿងសមត្ថកិច្ចអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ចំណែកឯអ្នកបើកបររថយន្តបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីសាកសួរបន្តតាមច្បាប់។

ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣៣ នាទីយប់ ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៤  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៦៦-១៦៧ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានរថយន្តម៉ាក FORD ប្រភេទទេសចរណ៍ ១៧ កៅអី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2C-2066 បើកបរដោយឈ្មោះ ចែម ចយ ភេទ ប្រុស ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរថយន្ត មានទីលំនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីកើតទៅលិច ហើយបានបត់ឆ្វេង និង មានជាតិអាកុល 0.647 mg/L ក៏បុកជាមួយ ម៉ូតូម៉ាក HONDA C125  ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KJ-0597 បើកបរដោយឈ្មោះ នាង ម៉ាទីន ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិឈើទាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើដំណើរ ពីលិចទៅកើត យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកអន្តរាគមន៏ទាំងយប់។

ក្រោយមក អ្នករបួសត្រូវបានបងប្អូនសាច់ញាតិដឹកតាមរថយន្តពេទ្យបង្អែកបាវិត ទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖