ព័ត៌មានទាន់ហេតុការណ៍៖

សម័យ វះ កាត់ ! មន្ត្រីនគរបាល​ជាតិ​ចំនួន១០​នាក់ទៀត ត្រូវ​បានរដ្ឋមន្ត្រី​ក្រ​សួង​​មហា​ផ្ទៃ​បណ្តេញចេញពី​ក្រប​ខ័ណ្ឌ​ ក្រោយ​​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ មជ្ឈដ្ឋានទូទៅគាំទ្រថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ បានវះកាត់សាច់ស្អុយចោល ខណៈប្រកាសក្តែងៗហើយនៅមិនស្តាប់ទៀត…ដូច្នេះមន្ត្រីនគរបាល​ជាតិ​ចំនួន១០​នាក់ទៀត ត្រូវ​បានរដ្ឋមន្ត្រី​ក្រ​សួង​​មហា​ផ្ទៃ​បណ្តេញចេញពី​ក្រប​ខ័ណ្ឌ​ ក្រោយ​​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។ នេះ​បើ​តាមការ​បញ្ជាក់របស់អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុ​ឃៈ បាន​ឲ្យ​​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៤​ នេះ។ 

សូមបញ្ជាក់ថា ៖ មន្ត្រីនគរបាលទាំង​១០​នាក់​នោះ គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី ហើយ​មាន​តួនាទី​ខ្ពស់​បំផុត​ត្រឹម​អនុសេនីយ៍ឯក គឺ​ស័ក្តិ​៣» ។ ចំពោះ​ការ​ធ្វើតេស្ត​រក​ឃើញ​កម្លាំង​នគរបាល​មាន​ផ្ទុក​សារធាតុ​ញៀន​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​លើក​​ឡើង​​ថា ៖ នៅ​នាយកដ្ឋាន​ព្រំដែន​ទឹក​រក​ឃើញ​១​នាក់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​២​នាក់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​៣​នាក់ នាយកដ្ឋាន​សន្តិសុខ​ឯកជន​១​នាក់ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​១​នាក់ ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​២​នាក់ ។

 ជាមួយ​គ្នា​នោះ​ដែរ លោក​បណ្ឌិត​បាន​លើក​ឡើង​ថា ៖ ក្រៅពី​អង្គភាព​ដែលរ​រៀបរាប់​ខាងលើ ដែល​​​​ស្ថិត​ក្នុង​ចំណុះ​ឲ្យ​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ គឺ​មិន​មាន​មន្ត្រី​នគរបាល​រូប​ណា ត្រូវ​បាន​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន​នោះ​ទេ ។ 

សូមរម្លឹកថា៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ 

ដោយ ៖ សិលា


ចែករំលែក៖