ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីវាយប្រហារដោយមីស៊ីលនៅភាគខាងកើតអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីបានផ្តាច់ជីវិតមនុស្សចំនួន១១នាក់ និងបណ្តាលឱ្យរងរបួស១០នាក់ផ្សេងទៀតនៅតំបន់ជុំវិញទីក្រុង Pokrovsk ភាគខាងកើតអ៊ុយក្រែន។
លោក Vadym Filashkin អភិបាលទឹកដីនៅតំបន់ Donetsk ដែលគ្រប់គ្រងដោយអ៊ុយក្រែនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កងកម្លាំងរុស្ស៉ីបានបាញ់ផ្លោងមីស៉ីលរបស់ប្រព័ន្ធ S-300 ស្រោចមកលើទីក្រុង Pokrovsk ហើយជាលទ្ធផលក្រោយការវាយប្រហារនោះ មនុស្សសរុបចំនួន១១នាក់ រួមមានទាំងក្មេងៗ៥នាក់ អាយុចន្លោះចាប់ពី៣ឆ្នាំដល់១៧ឆ្នាំ បានបាត់បង់ជីវិត។ បើតាមលោក Filashkin ជាមួយគ្នានេះ មនុស្ស១០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ខណៈដែលប្រតិបត្តិការជួយសង្រ្គោះកំពុងតែបន្ត។
ទីក្រុងមូស្គូបានបដិសេធថា កងកម្លាំងរុស្ស៉ីមិនដែលកំណត់គោលដៅវាយប្រហារលើជនស៉ីវិលនៅក្នុងសង្រ្គាមឈ្លានពានដែលខ្លួនបានចាប់ផ្តើមតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មកឡើយ។ យ៉ាងណាមិញ ក្នុងរយៈពេលប្រមាណជា២សប្តាហ៍ចុងក្រោយនេះ រុស្ស៉ីហាក់បានបង្កើនការវាយប្រហារជាខ្លាំងមកលើទីក្រុងនិងទីប្រជុំជនរបស់អ៊ុយក្រែន។ រីឯអ៊ុយក្រែន ក៏បានសងសឹកតបតទៅវិញផងដែរ ដោយវាយប្រហារលើគោលដៅរុស្ស៉ីនៅសមុទ្រខ្មៅ ព្រមទាំងនៅតំបន់មួយចំនួនស្ថិតនៅតាមព្រំដែនរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងការបាញ់មីស៉ីលនិងដ្រូន ដែលបានផ្តាច់ជីវិតមនុស្ស២៥នាក់ នៅទីក្រុង Belgorod៕

ដោយ៖ ធីរីណា(រូប​ថត​៖ nytimes)


ចែករំលែក៖