សារព័ត៌មាន AFP បានដកស្រង់ ប្រភពពីទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS ដែលបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះឬក៏ការខូចខាតនោះទេ។
តាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ ៧០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Sarangani នៃកោះ Mindanao។ គ្រោះរញ្ជួយដីនេះដែរមិនបានបង្កឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិទេ។
គ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីនដែលមានទីតាំងភូមិសាស្ត្រនៅតាមបណ្ដោយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក លាតសន្ធឹងចាប់ពីប្រទេសជប៉ុន កាត់តាមតំបន់អាស៊ីអាគ្នេយ៍និងនៅទូទាំងអាងប៉ាស៊ីហ្វិកទាំងមូល។
កាលពីខែធ្នូ ឆ្នាំ២០២៣ គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ ក៏ធ្លាប់វាយប្រហារលើកោះ Mindanao ផងដែរ ដោយនៅពេលនេះបានបង្ខំឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិរយៈពេលខ្លី និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់៕ ដោយ៖ ធីរីណា
រូបថត៖ NDTV