ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យពង្រឹងការបង្ក្រាបអំពើពុករលួយ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជាឱ្យពង្រឹងការបង្ក្រាបអំពើពុករលួយនៅក្នុងឧស្សាហកម្មសំខាន់ៗ រួមទាំងហិរញ្ញវត្ថុ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។
លោក Xi Jinping បានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងខ្លាំងចាប់តាំងពីឡើងកាន់អំណាចមក។ អ្នកគាំទ្រនិយាយថា យុទ្ធនាការលើកកម្ពស់អភិបាលកិច្ចស្អាតស្អំ។
នៅក្នុងសុន្ទរកថាទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់បក្ស លោក Xi Jinping បានដឹកនាំ “ការខិតខំប្រឹងប្រែងបន្ថែមទៀត ” ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងវិស័យនៃ “ហិរញ្ញវត្ថុ សហគ្រាសរដ្ឋ ថាមពល ឱសថ និងហេដ្ឋារចនាសម្ព័ន្ធ” ។
ស៊ីនហួបានដកស្រង់សម្តីលោក ស៊ី ជិនពីង ដែលបានបញ្ជាក់ថា “យើងទទួលបានជ័យជម្នះដ៏លើសលប់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាមួយនឹងសមិទ្ធផលរួម” ក្នុងរយៈពេល 10 ឆ្នាំកន្លងមក ប៉ុន្តែ “ស្ថានភាពនៅតែធ្ងន់ធ្ងរ និងស្មុគស្មាញ” ។
ប្រធានាធិបតីចិនបាននិយាយថា “យើងគួរតែយល់យ៉ាងច្បាស់នូវការវិវត្តថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក៏ដូចជាមូលហេតុ និងលក្ខខណ្ឌដែលនាំទៅរកអំពើពុករលួយ”។
យោងតាមទិន្នន័យចុងក្រោយបំផុតដែលបានចេញផ្សាយក្នុងខែមិថុនា ឆ្នាំ 2022 សមាជិកបក្សចិនប្រហែល 4.8 លាននាក់ត្រូវបានស៊ើបអង្កេតចាប់តាំងពីឆ្នាំ 2012 ។
ក្នុងចំណោមនោះ មានសមាជិកបក្សជាង ១,៥លាននាក់ត្រូវបានដាក់វិន័យ រាប់ចាប់ពីការកាត់ទោសដាក់ពន្ធនាគាររហូតដល់ការបណ្តេញចេញ ការដកតំណែង និងការបណ្ដេញចេញពីបក្ស។
ក្នុងប៉ុន្មានខែថ្មីៗនេះ យុទ្ធនាការប្រឆាំងអំពើពុករលួយបានផ្តោតលើឧស្សាហកម្មដូចជា ធនាគារ ធានារ៉ាប់រង សហគ្រាសរដ្ឋ និងកីឡា។
កាលពីថ្ងៃទី 8 ខែមករា ទូរទស្សន៍ CCTV បានរាយការណ៍ថា អតីតអគ្គនាយកក្រុមហ៊ុនប្រេង និងឧស្ម័នរបស់រដ្ឋត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទពុករលួយ៕

ដោយ៖ ធីរីណា(រូបថត៖ Xinhua)


ចែករំលែក៖