ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោសដោយសារកាប្រព្រឹត្តអំពើហិង្សា (ប្រើដាវគំរាមផ្ជង់កជនរងគ្រោះប្លន់យកម៉ូតូសេ១២៥) កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៩នឹង០៥នាទី នៅចំណុចកាំកូលស៊ីធី ផ្លូវលេខ១០០៣ ក្រុមទី០៩ ភូមិគង្គាផូស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សាក ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដឹកអនឡាញ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៦E2 ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន)។ ជនសង្ស័យទី២-ឈ្មោះ ធី សុបញ្ញារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាC១២៥ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1IN- 8015 ។ សម្ភារៈដកហូតរួមមានៈ ម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៌ប៉ៃតង ស្លាកលេខ ភ្នំពេញ 1AC-7327 លេខតួ+ម៉ាស៊ីន 1057580។ ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងស្វែងរកបក្ខពួកបន្ថែមនិងសាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍ទៅតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ៖ អរុណរះ