ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រលឹកអនុស្សាវរីយ៍កាលពី៤៥ឆ្នាំមុន ក្នុងគ្រាចេញរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍

ចែករំលែក៖

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ដ.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោក គង់ គឹមនី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត អមដំណើររបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញទស្សនាវិមានអនុស្សាវរីយ៍ ២ធ្នូ និងអុជធូបបួងសួងគោរពវិញ្ញាណក្ខន្ធយុទ្ធមិត្ត វិរជនស្នេហាជាតិ ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងទីតាំងប្រវត្តិសាស្ត្រនៃការផ្តួលរលំរបបខ្មែរក្រហម ទទួលបានជោគជ័យរំដោះជាតិមាតុភូមិកម្ពុជា ។ 

ដោយមានការចូលរួមពី លោក វង សូត អនុប្រធានទី២រដ្ឋសភា នីតិកាលទី៧នៃរដ្ឋសភា ប្រតិភូអមដំណើរសម្តេចអគ្គមហាពញាចក្រី លោក ស៊ុំ ជួន ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាម ណាល់ អភិបាលស្រុកស្នួល លោកស្នងការរងនគរបាលខេត្ត និងមន្ត្រីរាជការមួយទៀត ។

កាលពីថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ ចេញពីតំបន់រំដោះនៃស្រុកស្នួល ខេត្តក្រចេះ ក្នុងនាមថ្នាក់ដឹកនាំរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ ៕ 

ដោយ ៖ សិលា


ចែករំលែក៖