ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទៅស៊ីឈ្នួលច្រូតស្រូវហើយសង្ស័យប្រកាច់ដួលផ្កាប់មុខនឹងទឹកត្រពាំងទើបស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋអ្នកច្រូតស្រូវបានប្រទះឃើញសពបុរសម្នាក់វ័យ៣៣ឆ្នាំដួលផ្កាប់មុខនៅនឹងទឹកត្រពាំងស្លាប់នៅចំណុចវាលមាត់ព្រៃ ផ្លូវ​លំឆ្ពោះទៅឃុំចង្ហារ ស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  នាល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ 

   សពត្រូវបានស្គាល់ឈ្មោះ ហួត ជឺ  អាយុ៣៣ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

យោងតាមស្ត្រីជាប្រពន្ធរបស់សពមានឈ្មោះ ឈឿន សាវេន អាយុ៣៦ឆ្នាំ បានអោយដឹងថាៈ មុនប្តីរបស់គាត់ស្លាប់គឺគាត់បានស៊ីឈ្នួលច្រូតស្រូវក្នុងត្រពាំងខាងលិចភ្នំកងវ៉ាក្នុងចំណោមគ្នា៧នាក់មានប្រុសមានស្រី បានទៅច្រូតរហូតដល់ម៉ោងហូបបាយ ហើយបានអោយជនរងគ្រោះដាក់ថង់អូសកណ្តាប់ស្រូវនៅម្ខាងមាត់ត្រពាំង។

ចំណែកអ្នកដទៃទៀតបាននាំគ្នាច្រូតស្រូវខាងលិចមាត់ត្រពាំងដោយបាត់មិនឃើញជនរងគ្រោះមកអូសកណ្តាប់ដែលច្រូតរួច ក៏ដើរទៅរកស្រាប់តែឃើញជនរងគ្រោះដួលផ្កាប់មុខទៅក្នុងទឹក ដែលមានជម្រៅជាងកន្លះម៉ែត្រ។

នៅក្នុងហេតុការណ៍នោះបងប្រុសរបស់ជនរងគ្រោះបានប្រាប់ថា ក្រោយឃើញប្អូនដួលផ្កាប់មុខនឹងទឹកបែបនេះបាននាំគ្នាសែងឡើងគោកដើម្បីជួយសង្គ្រោះដែរ តែជាអកុសលប្អូនរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ រង់ចាំតែមន្ត្រីនិងកម្លាំងជំនាញចុះមកពិនិត្យនិងធ្វើកោសល្យវិច័យទើបបានយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។

    ស្ត្រីឈ្មោះ ឈឿន សាវេន បានបញ្ជាក់ថាៈ ប្តីគាត់មុនស្លាប់ធ្លាប់មានជំងឺប្រចាំកាយគឺធ្លាប់ប្រកាច់២ទៅ៣ដងមកហើយដែលចាស់ៗក្នុងភូមិថាជាជំងឺស្កន់ជ្រូកហើយគាត់គ្មានផ្ទះសម្បែងនោះទេ គឺរស់នៅក្នុងកូនខ្ទមដែលឪពុកអោយដីធ្វើរស់នៅគ្មានភ្លើងប្រើប្រាស់គឺប្រើចង្កៀងដុតប្រេងកាត ប្តីបានស៊ីឈ្នួលលីស៊ីម៉ងតិ៍តាមកន្លែងលក់គ្រឿងសំណង់ ពេលទំនេរស៊ីឈ្នួលច្រូតស្រូវ១ថ្ងៃ៣ម៉ឺនរៀលពេលនេះប្តីគាត់បានស្លាប់ចោលគាត់ហើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖