ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២៤នេះ! រដ្ឋបាលជលផល​ ដាក់គោលដៅសម្រេចឱ្យបានផលនេសាទទឹកសាបជាង ៤៥ម៉ឺនតោន

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមរបាយការណ៍​លទ្ធផលបូកសរុប​ការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និងលើកទឹកដៅសម្រាប់ឆ្នាំ ២០២៤ របស់ក្រសួងកសិកម្ម ដែលបាន​ផ្សព្វផ្សាយនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ រដ្ឋបាលជលផល​ មានគោលដៅសម្រេចឱ្យបានផលនេសាទទឹកសាប ៤៥៤ ០០០តោន សមុទ្រ ១៣០ ០០០តោន វារីវប្បកម្ម៣៥០ ០០០តោន កូនត្រីពូជ ៣០០លានក្បាល កូនក្រពើ ៣០ម៉ឺនក្បាល ការកែច្នៃ ៧០ ០០០តោន ទឹកត្រី ៥០លានលីត្រ និងការនាំចេញផល ផលិតផលជលផល ៨ ០០០តោន។

របាយការណ៍ដដែល​ បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ រដ្ឋបាលជលផលបាន​កំណត់ទិសដៅអនុវត្តសកម្មភាព​មួយចំនួន មានដូចជា បន្តការអនុវត្តច្បាប់ ដោយសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ, បន្តការ​គ្រប់គ្រង ការពារកន្លែងអភិរក្សជលផលនិងលែងកូនត្រីពូជ និងប្រភេទត្រីកំពុងរងគ្រោះថ្នាក់ ក្នុងដែនទឹកធម្មជាតិ ដើម្បី​បង្កើនផលស្តុក,ជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាព សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនិងកាត់បន្ថយការនាំចូល ជំរុញ​ការបង្កើតបណ្ដុំវារីវប្បករ ដើម្បីងាយស្រួលក្នុងការផ្ដល់បច្ចេកទេសនិងរកទីផ្សារ

ជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលនិងពង្រឹងសមត្ថកិច្ចក្នុងការត្រួតពិនិត្យ និងវិភាគគុណភាពសុវត្ថិភាពផល ផលិតផលជលផល, ជំរុញនិងលើកទឹកចិត្តផ្តល់បច្ចេកទេសក្នុងការអនុវត្តវារីវប្បកម្មល្អផលិតកម្មល្អ ការអនុវត្ត​អនាម័យល្អ និងពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យមានភាពជាម្ចាស់ ក្នុងការគ្រប់គ្រងធនធាន​ជលផលឱ្យមាន​ប្រសិទ្ធភាព និងនិរន្តរភាព។

លើសពីនេះទៀត រដ្ឋបាលជលផល នឹងបន្តសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល បង្កើនការសិក្សាស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្រ្តជលផលទឹកសាប និងសមុទ ពង្រឹងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

បេីតាមការ​បញ្ជាក់ពី​កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ការគ្រប់គ្រងធនធានជលផលទទួលបាន​លទ្ធផល​ជាវិជ្ជមាន ហើយការអនុវត្តវារីវប្បកម្មកំពុងត្រូវបានជំរុញបន្ថែម ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនផលវារីវប្បកម្ម និងកាត់បន្ថយ ការនាំចូល។ ទន្ទឹមនេះ នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដូចជា ការបង្ក្រាបបទល្មើសជលផល ការអភិរក្សធនធានជលផល ការអភិវឌ្ឍវារីវប្បកម្ម ការពង្រឹងសមត្ថភាព​សហគមន៍​នេសាទ ការគ្រប់គ្រងព្រៃលិចទឹក និងព្រៃកោងកាង ការជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល និងការស្រាវជ្រាវ​បច្ចេកទេសវិទ្យាសាស្ត្រជលផល ដែលរដ្ឋបាលជលផល ត្រូវរកវិធីសាស្ត្រ និងយន្តការសម្រាប់អនុវត្តក្នុង​ការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

បើតាមរបាយការណ៍ក្រសួងកសិកម្ម​ បានបញ្ជាក់ថា​ ប្រាក់ចំណូលបានពីវិស័យជលផលមានចំនួនជាង ៨២៨លានរៀល កើនលើសឆ្នាំមុនចំនួនជាង ២០៥លានរៀល ស្មើនឹង ២២៣,៥៩ ភាគរយ៕

ដោយ​៖ តារា​


ចែករំលែក៖