ខេត្តកោះកុង ៖ ឃាតក តាមដងផ្លូវឆក់ជីវិតមនុស្សខ្លាំងបំផុត ! ស្លាប់២២នាក់ និងរបួស៧៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន៥៧ករណី ត្រឹមតែ ១សប្ដាហ៍ដើមឆ្នាំ២០២៤! គ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់ដ៏ធំរបស់សង្គមជាតិយើង!
មើលចុះ ! លោក សឹង ស៊ីណាត សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ទទួលមរណភាព ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ។ នេះជាការបញ្ជាក់ពីលោកស្រី មិថុនា ភូថង អភិបាល នៃគណះអភិបាលខេត្តកោះកុង ។
លោកស្រី មិថុនា ភូថង អភិបាល នៃគណះអភិបាលខេត្តកោះកុង បានបង្ហោះលើផេកផ្លូវការថា ៖ នាងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោក សឹង ស៊ីណាត សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០នាទីព្រឹក ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
មរណភាពរបស់លោក សឹង សុីណាត គឺជាការបាត់បង់នូវសមាជិកក្នុងគ្រួសារប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុតរបស់កូនៗ ចៅៗ និងក្រុមគ្រួសារ។ លើសពីនេះទៅទៀត មរណភាពរបស់លោក ក៏ជាការបាត់បង់ធនធានសម្រាប់សង្គមជាតិ ដែលលោកបានខិតខំបំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់អ្នកបេីកបរយានយន្តគ្រប់ប្រភេទ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបេីកបរក្នុងល្បឿនលឿន និងក្នុងភាពស្រវឹង។
ដោយឡែកមន្ត្រីប៉ូលីសចរាចរណ៍ សូមជួយពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងជួយអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងគោលដៅឱ្យប្រជាពលរដ្ឋបានយល់ដឹង ជាពិសេសការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ ៖ សិលា