ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងយុត្តិធម៌ប្រកាសដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ តាមរយៈយុទ្ធនាការចំនួន២

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣នេះ តាមរយៈសន្និសីទសារព័ត៌មាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធនាការចំនួន២នេះ រួមមាន ទី១ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ទី២យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ រួមនឹង ក្រុមការងារអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ក្រុមការងារយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការផងដែរ។

ក្នុងឱកាសនោះ លោម កើត រិទ្ធ បានថ្លែងថា ៖ តាមរយៈយុទ្ធនាការទាំងពីរនេះ ក្រសួងយុត្តិធម៌នឹងពន្លឿនធ្វើការដោះស្រាយសំណុំរឿងក្រៅប្រពន្ធតុលាការ និងសំណុំរឿងកកស្ទះនៅតាមតុលាការឲ្យបានឆាប់រហ័សបំផុត និងប្រកបដោយយុត្តិធម៌។ លោកបន្តថា ៖ បច្ចុប្បន្នសំណុំរឿងក្នុងតុលាការបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ដូច្នេះតុលាការទាំងអស់ត្រូវតែធ្វើការដោះស្រាយឲ្យបានឆាប់រហ័សបំផុតដោយមិនត្រូវទុកឲ្យរឿងក្តីនៅបន្តកកស្ទះទៀតនោះទេ។

លោក កើត រិទ្ធ អះអាងថា ៖ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណារងនូវភាពអយុត្តិធម៌ពីតុលាការ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារអនុវត្តយុទ្ធនាការ ដើម្បីការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ហើយក្រុមការងារនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការទាំងនោះ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖ តាមរយៈការអនុវត្តយុទ្ធនាការ នឹងផ្តោសំខាន់លើសំណុំរឿងក្ដីចំនួន ៣ គឺ ៖ 

១-សំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន។

២-សំណុំរឿងពាក់ព័ន្ធនឹងចរាចរណ៍ ។

និង៣-សំណុំរឿងពាក់ព័ន្ធនឹង អត្រានុកូលដ្ឋាន។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានព្រមានដល់ក្រុមការងារទទួលពាក្យបណ្តឹងនៃការដោះ ស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការមិនត្រូវធ្វើ «ត្រីងៀតឈ្លៀតពង» នោះឡើយ ហើយប្រសិនបើរកឃើញថាការដោះស្រាយមិនមានភាពប្រក្រតី ប្រព្រឹត្តអំពើពុករលួយនឹងទទួលទោសចំពោះមុខច្បាប់ ។ 

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ កើត រិទ្ធ បានលើកឡើងថា ៖ បើបងប្អូនមានបញ្ហារឿងសំបុត្រកំណើត ពេលសុំកែនៅតុលាការ យូរថ្ងៃ ហើយយកលុយលើសច្បាប់កំណត់ សូមឲ្យប្តឹងមកលេខាធិការដ្ឋានភ្លាម! 

សូមបញ្ជាក់ថា ៖ ក្រសួងយុត្តិធម៌ បានរៀបចំសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ដើម្បីអនុវត្ត វិធានការគន្លឹះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង “ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌”។ យុទ្ធនាការទាំង ២ នេះ រួមមាន៖

 (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ។

និង (២)-យុទ្ធនាការ ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿន ការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ៕

ដោយ ៖ សិលា


ចែករំលែក៖