ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាលខណៈពេលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្ត FOR TUNERបើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវ១១៣កែងផ្លូវ២៧៨សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាដំបូងគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1BF-1416 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើបានឆ្លងផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តម៉ាក FOR TUNERពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2B-1019 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសជនបរទេស២នាក់ទៀតធ្វើដំណើរចេញពីផ្លូវ២៧៨ទិសដៅពីកើតមកលិចឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿនចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរថយន្តខូចខាតទ្វារមួយចំហៀងកាងខាងក្រោមនិងកញ្ចក់ផងដែរ ចំណែកឯម៉ូតូវិញរងការខូចខាតខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុងសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកដល់ពិនិត្យនិងវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងរង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ