ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​ ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង

ចែករំលែក៖

ភ្នំពេញ​៖​ យោង​ដោយ​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានសេចក្តីប្រកាសព័ត៌មាន​ ស្តីពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង។ 

ជាក់ស្ដែង​នៅក្នុង​សេចក្ដីប្រកាសព័ត៌មានខា​ងលេីនេះ​ បានបញ្ជាក់ថា​ ការប្រើប្រាស់គ្រឿងស្រវឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គមជាពិសេស សមាជិកគ្រួសារ មិត្តភក្តិរួមការងារ និងអ្នកដទៃផងដែរ។ ជាតិអាល់កុលក្នុងផលិតគ្រឿងស្រវឹងប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្នុងរយៈពេលតែ ២ ទៅ ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុល អាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយ ច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើន ពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។ 

គ្រឿងស្រវឹងក៏បង្កឱ្យ មានផលប៉ះពាល់រយៈពេលវែងដូចជា៖

• ជំងឺក្រិនថ្លើម ខូចថ្លើម

• ជំងឺមហារីក ៖ មាត់ បំពង់ក បំពង់អាហារ ថ្លើមពោះវៀនធំ សុដន់ ។ល។

• ជំងឺមហារីកឈាម

• ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ

• បញ្ហាសុខភាពផ្លូវចិត្ត៖ ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺ វង្វេងពេលឈានចូលវ័យចំណាស់ (Dementia)

• ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង

• អសមត្ថភាពផ្លូវភេទ

ជំងឺបេះដូង និងសរសៃឈាម

• ជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬបែកសរសៃឈាមខួរក្បាល)

•​ ជំងឺខ្សោយសាច់ដុំ និងឆ្អឹង

•​ ទារកមានការលូតលាស់មិនប្រក្រតី នៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ

•​ ជំងឺមិនឆ្លងផ្សេងៗទៀត៖ លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ ។ល។

លើសពីនេះទៀត វាអាចបណ្តាលឱ្យយុវវ័យឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ដែល ប្រាសចាកពីសីលធម៌សង្គម។ ទន្ទឹមនឹងនេះដែរ គ្រឿងស្រវឹងបង្កឱ្យមានផលប៉ះពាល់ ដូចជា អំពើហឹង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង ការព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការខាតបង់ផ្សេងៗ។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យត្រូវចៀសវាងពី ការប្រើប្រាស់គ្រឿងស្រវឹង។ ចំពោះអ្នកមិនធ្លាប់ប្រើប្រាស់គ្រឿងស្រវឹងសូមកុំសាកល្បង ដោយឡែកអ្នក កំពុងប្រើប្រាស់គ្រឿងស្រវឹង សូមកាត់បន្ថយឱ្យបានជាអតិបរមា ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទី ស្រឡាញ់របស់អ្នក។ ភស្តុតាងថ្មីៗរបស់អង្គការសុខភាពពិភពលោកបង្ហាញថា មិនមានកម្រិតសុវត្ថិភាពនៃ ការប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយគ្រប់ផលិតផលគ្រឿងស្រវឹងសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាព។ សូមកុំប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងបើកបរ ឬកំពុងបញ្ជាគ្រឿងម៉ាស៊ីនផ្សេងៗ ពេលកំពុងមានផ្ទៃពោះ និងបំបៅដោះកូន ឬអ្នកមានបញ្ហាសុខភាពផ្សេងៗ។

ក្រសួងសុខាភិបាលសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រួសារ សាលារៀន និងសហគមន៍ ចូលរួម បង្កើតបរិយាកាសកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដូចជាអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង លើកទឹកចិត្តគាំទ្រអ្នកប្រើប្រាស់គ្រឿងស្រវឹងឱ្យលះបង់ការប្រើប្រាស់គ្រឿងស្រវឹង។ សូមស្ថាប័នផ្សេងទៀត ចូលរួមជួយគាំទ្រ និងទប់ស្កាត់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង តាមរយៈការឆ្លើយតបពហុវិស័យ ដោយផ្តោតលើការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថបុគ្គល គ្រួសារ សហគមន៍ ឱ្យជ្រើសរើសទម្លាប់រស់នៅដោយគ្មានផលិតផលគ្រឿងស្រវឹង។ សូមអាជ្ញាធរដែនដី សហការគ្រប់គ្រងការដាក់ស្លាកប៉ាន់ណូផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព និងគេហទំព័រ www.nchp.gov.kh។​ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕

ដោយ៖ តារា​


ចែករំលែក៖