ភ្នំពេញ ៖ ថ្មីៗនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ មានទំព័រហ្វេសប៊ុកមួយឈ្មោះ “The CEROC បានធ្វើការផ្សព្វផ្សាយព័ត៌មាន អំពីអាកាសយានដ្ឋាន អន្តរជាតិសៀមរាបថ្មី ដែលមានខ្លឹមសារចោទប្រកាន់ថា “មិនយកអតិថិជនជាធំទេ មើលចុះពួកគេអោយ ពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃមិនអោយឆ្លងកាត់ព្រលាន នេះថែមទៀត” ។
ពាក់ព័ន្ធទៅនឹងការចុះផ្សាយខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា ការ បញ្ចេញមតិដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយកាលបរិច្ឆេទនៃការ បញ្ចេញមតិទាំងនេះភាគច្រើន បានផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រូវបាន បើកដំណើរការជាផ្លូវការទៅទៀត។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំប្រឹងប្រែងក្នុងការជំរុញការអនុវត្តច្បាប់ ស្តីពីអន្តោ ប្រវេសន៍ យ៉ាងម៉ឺងម៉ាត់បំផុត និងបានធ្វើការក្រើនរំលឹកជាញឹកញាប់ដល់មន្ត្រីក្រោមឱវាទនៅក្នុងកិច្ចប្រជុំ នានា ជាពិសេស លើការគ្រប់គ្រងដំណើរចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានណែនាំឲ្យដាក់ផ្លាកជាចំហអំពីតម្លៃទិដ្ឋាការ នៅមុខទីតាំង ផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយមានសរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជារ ស្នើសុំទិដ្ឋាការ ជូនអ្នកដំណើរ និងភ្ញៀវបរទេសឲ្យបានឃើញច្បាស់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមថ្លែងអំណរគុណដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទទុកជាមុន ចំពោះការចូលរួមផ្ដល់ព័ត៌មានសំដៅរួមចំណែក ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងន័យស្ថាបនា ដើម្បីកែលម្អចំណុចខ្វះខាត និងលើកកំពស់ កិត្យានុភាពជាតិ តាមរយៈការចូលរួមផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈវិជ្ជមានពីកម្ពុជា ចៀសវាង ផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិត ដែលបន្តឱ្យមានការភ័ន្តច្រឡំដល់សាធារណជន និងភ្ញៀវបរទេស នានា៕
ដោយ ៖ សិលា