ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស

ចែករំលែក៖

 ខេត្ត​កណ្ដាល​៖​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤នេះ​ បានអញ្ជើញចុះពិនិត្យមណ្ឌលអប់រំកែប្រែ (ពន្ធនាគារខេត្តកណ្ដាល) ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ,លោក រដ្ឋលេខាធិការទទួលបន្ទុកការងារពន្ធនាគារ,​ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាលជាច្រើនរូបផងដែរ។

លោកអភិសន្តិបណ្ឌិត ស សុខា បានពិនិត្យ និងសួរសុខទុក្ខមន្រ្តី ព្រមទាំងអ្នកជាប់ឃុំនៅអគារអ្នកទោសស្រ្តី អគារអ្នកទោសហាត់កីឡា អគារអ្នកទោសទូទៅ រោងធ្វើម្ហូបអាហារ អគារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ សួនបន្លែ កន្លែងពិនិត្យ និងព្យាបាលសុខភាព អគារអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងឃុំខ្លួនលោក ខៀវ សំផន។ 

លោកអភិសន្តិបណ្ឌិត បានលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិតក្រោយពីអនុវត្តទោស និងស្វែងយល់ពីទោសកំហុស ដើម្បីកែប្រែជីវិតជាប្រជាពលរដ្ឋល្អក្នុងគ្រួសារ និងសង្គមជាតិ៕

ដោយ៖ តារា


ចែករំលែក៖