ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ផ្សព្វផ្សាយពីទស្សនាទាន និងជំរុញឱ្យក្លាយទៅជាសហគមន៍កសិកម្មទំនើប

ចែករំលែក៖

ភ្នំពេញ ៖ បន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃសហគមន៍កសិកម្មតំបែររុងរឿងក្នុងខេត្តត្បូងឃ្មុំ(សមាជិក ១៥០គ្រួសារ ផ្ទៃដីផលិតកម្ម ៥០០ហិកតា) និងសហគមន៍កសិកម្មសន្ទុករុងរឿងក្នុងខេត្តកំពង់ធំ(សមាជិក ១៤៩គ្រួសារ ផ្ទៃដីផលិតកម្ម ១៦២ហិកតា) ដែលជាសហគមន៍ផលិតស្វាយចន្ទី ដើម្បីផ្សព្វផ្សាយពីទស្សនាទាន និងជំរុញឱ្យទៅក្លាយទៅជាសហគមន៍កសិកម្មទំនើប។

នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា : អស់រយៈកាលជាង១ខែ ក្រោយពីកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារបានចុះជួបផ្សព្វផ្សាយ ជួបពិភាក្សា និងជំរុញកម្មវិធីគោលនយោបាយនេះដោយផ្ទាល់ជាមួយបងប្អូនកសិករ និងសហគមន៍នានា នៅក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល បានសរុបចំនួន ៣៦ដង ក្នុងនោះ សហគមន៍ស្រូវ ១១ដង សហគមន៍បន្លែ ១៨ដង និងសហគមន៍ផ្សេងៗទៀត ៧ដង ប៉ុន្តែនេះជាលើកទី១មួយហើយ ដែលបានជួបធ្វើការជាមួយបងប្អូនសហគមន៍ស្វាយចន្ទី។

ស្វាយចន្ទីគឺជាកសិផលដែលត្រូវបាននាំចេញច្រើនជាងគេមួយរបស់កម្ពុជា ហើយកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីនាំមុនគេនៅលើពិភពលោក ទាំងផ្នែកបរិមាណ និងគុណភាព ក្នុងនោះជាង៩០%នៃផលិតកម្មសំដៅបម្រើឱ្យទីផ្សារនាំចេញទៅក្រៅប្រទេស។ ហេតុដូច្នេះហើយទើបដំណាំនេះត្រូវបានចាត់ទុកជាដំណាំយុទ្ធសាស្ត្រ និងមានសក្តានុពលខ្លាំងចំនួន៤ ដែលត្រូវបានផ្តល់អាទិភាពមុនគេនៅក្នុងការជំរុញ និងរៀបចំចងក្រងឱ្យទៅជាសហគមន៍កសិកម្មទំនើប រួមមានដំណាំស្រូវ បន្លែ ម្រេច និងស្វាយចន្ទី។  #សហគមន៍កសិកម្មទំនើប ៕

ដោយ ៖ សិលា


ចែករំលែក៖