ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ Columbia និង ជាអ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោក ដ៏ល្បីល្បាញមួយរូប ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ 

ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកសាស្រ្តាចារ្យ និងភរិយា ចូលជួបសម្តែងការគួរសម បន្ទាប់ពីជំនួបកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងញូយ៉ក ។ លោកសាស្ត្រាចារ្យ បានគោរពជម្រាបជូន សម្តេចធិបតី ថា លោកសាស្រ្តាចារ្យ មានឆន្ទៈដ៏មុតមាំ និង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតង ជាដើម  ។ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់លោកសាស្រ្តាចារ្យ នៅព្រះរាជាណាចក្រកម្ពុជា លោកសាស្រ្តាចារ្យ បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលនឹងរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី (គ.ស.វ.) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយមានមន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជា ចូលរួមប្រមាណ ៤០០នាក់។ 

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសកម្ពុជា និង បានថ្លែងអំណរគុណ ចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាខាងលើ ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជា នឹងមានឱកាសបានសិក្សារៀនសូត្របន្ថែម និង បានពិភាក្សាដោយផ្ទាល់ជាមួយលោកសាស្រ្តាចារ្យ។ 

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និង ផ្លែផ្កា និង ធ្វើដំណើរមាតុភូមិនិវត្តន៍ដោយសុខសុវត្ថិភាព៕

ដោយ៖ តារា


ចែករំលែក៖