ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកស៊ីម៉ាក់ សំណូមពរឱ្យមានច្បាប់ហាមឃាត់ការសម្លាប់ និងការបរិភោគសាច់សុនខ​នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​រយៈ​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាលធ្វើច្បាប់ហាមឃាត់ការបរិភោគសាច់សុនខ(ឆ្កែ) នៅកម្ពុជា និង​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទោសដ​ល់ជនល្មើសទៅតាមច្បាប់ជាធរមានផងដែរ។

លោកអគ្គនាយក​ស៉ី​ម៉ាក់​រូបនេះ​ បានលើកឡើងថា​ សូមអបអរសាទរចំពោះប្រទេសកូរ៉េខាងត្បូងបានសម្រេចដាក់ច្បាប់ហាមឃាត់ ការ​បរិភោគ​សាច់សុនខ​កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ!! ច្បាប់ហាមឃាត់​បរិភោគ​សាច់​សុនខ​នេះ អាចធ្វើការផាកពិន័យជនល្មើសជាង២២,០០០ដុល្លារ ឬជាប់គុក៣ឆ្នាំ។

លោក​ ហេង​ រតនា​ បានបន្តថា នៅកូរ៉េខាងត្បូងមានអាជីវកម្មចិញ្ចឹមសុនខលក់សាច់ជាង ៣៥០០កន្លែង និង​លក់​សាច់​សុនខចំនួនជាង ៣០០០កន្លែង មានសុនខចំនួនប្រមាណជាង ១.៥លានក្បាល។ ប្រពៃណី​កូរ៉េការបរិភោគសាច់សុនខបានចាក់ឫសជ្រៅតាំងពីសម័យបុរាណមកម៉្លេះ តែកូរ៉េ​ខាងត្បូង​នៅ​តែកែប្រែបាន។

ក្រឡេកមកមើល​កម្ពុជាយើងវិញ អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា មាន​ប្រពៃណី​ទំនៀម​ទម្លាប់​ថ្លៃថ្លូ មិនបរិភោគសាច់សុនខនេះតាំងពីបុរាណកាលមកម៉េះ ប៉ុន្តែបច្ចុប្បន្ននេះ មាន​អ្នក​បរិភោគសាច់សុនខកាន់តែច្រើនឡើងៗ ជាពិសេសក្នុងចំណោមយុវជននេះតែម្តង។

យោង​តាមឯកសារស្រាវជ្រាវបានឱ្យដឹងថា មានការសម្លាប់សុនខយកសាច់មានប្រមាណ២-៣​លាន​ក្បាល​ក្នុង​មួយឆ្នាំៗ ហើយកន្លែងសុនខឃាត សុទ្ធតែគ្មាន​ច្បាប់​អនុញ្ញាត​ឡើយ​ដូច​នេះ​ការ​បរិភោគ​សាច់សុនខអាចប្រឈមនឹងគ្រោះសុខភាពសាធារណៈផងដែរ តែអ្វីកាន់​គ្រោះ​ថ្នាក់​ថែម​ទៀត​នោះ​គឺ​ប្រពៃណីទំនៀមទម្លាប់ដ៏​ផូរផង់របស់ដូនតាខ្មែរត្រូវបានបំផ្លាញ ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សីលធម៌​សង្គម និងភ្លៀវទេសចរអន្តរជាតិមួយចំនួនមិនចង់មកទស្សនាកម្ពុជា ដោយសារ​ទិដ្ឋភាព​អវិជ្ជមាន នៃការធ្វើអាជីវកម្មសម្លាប់សត្វសុនខធ្វើជាអាហារនេះ!!។ នេះ​បើ​តាម​ការលើកឡើងរបស់ឯកឧត្តម ហេង រតនា ដដែល។

លោកប្រតិភូ​ ក៏បានគូសបញ្ជាក់ថា«ខ្ញុំយល់ថាខ្មែរអាចធ្វើបាន នៅចំពោះ​មុខ​កម្ពុជា​ក៏​មាន​ច្បាប់​គ្រប់​គ្រង​សត្វ និង​ចំណី​អាហារ​មួយ​ចំនួន​ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អាច​យក​មក​អនុវត្តន៍​ហាម​ឃាត់​បាន និងទន្ទឹងនឹងនេះ សូមសំណូមពរចលនាកសាងច្បាប់មួយនៅព្រះរាជាណាចក្រនេះ ដើម្បី​ហាម​ឃាត់​ការ​បរិភោគសាច់សុនខ និងដាក់ទោសចំពោះជនល្មើសតាមច្បាប់តែម្តង!»។

គួររម្លឹកដែរថា អាជ្ញាធរខេត្តសៀមរាប កាលពីឆ្នាំ២០២០កន្លងទៅនេះ​ បាន​ប្រកាស​ហាម​ឃាត់​ការ​ធ្វើ​អាជីវកម្មទិញលក់ និងសម្លាប់សត្វឆ្កែផងដែរ ដើម្បីទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​ជំងឺ​ឆ្កែឆ្កួត និងជំងឺផ្សេងៗទៀតដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។ ការហាម​នេះ​រដ្ឋ​បាល​ខេត្ត​ក៏​បានលើកឡើងផងដែរថា«តាំងពីបុរាណកាលរៀងមក សត្វសុនខ ឬសត្វឆ្កែ ត្រូវបាន​ប្រជាជន​ទូទាំង​ពិភពលោក ជាពិសេសប្រជាជនខ្មែរយើង បានចាត់ទុកជា​សត្វ​ចិញ្ចឹម​ដ៏​ស្មោះត្រង់​របស់​មនុស្ស ហើយសត្វឆ្កែមានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចម្ការ ហ្វូងសត្វ ជួយ​ក្នុង​វិស័យ​យោធា(ការរកមីន និងគ្រាប់មិនទាន់ផ្ទុះ)បានល្អទៀតផង៕

ដោយ​៖ តារា​


ចែករំលែក៖