ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖​ គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា ដែល​បានជួយកម្ពុជានៅគ្រាលំបាក ក្រោយពីងើបចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ ក្នុង​ឆ្នាំ​១៩៧៩

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liyrka Rodriguez Barrios) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា ដែលជាស្រ្តីដូចគ្នា បាន​វាយតម្លៃខ្ពស់ចំពោះពលីកម្ម ភាពអង់អាចក្លាហានរបស់ស្រ្តីកម្ពុជា ក៏ដូចជាស្រ្តីគុយបា ដែល​បាន​លះបង់ និងបំពេញការងារក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ដែលត្រូវចប់អាណត្តិ​បេសកកម្ម​ការ​​ទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅ​វិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកស្រីឯកអគ្គរដ្ឋទូត ក្នុង​ការ​ចូលរួម​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងគុយបា ដែលមាន​តំាង​ពីយូរ​លុង​មក​ហើយ​នោះ ឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់។

សម្តេច​ប្រធានរដ្ឋសភាបានលើកឡើងពីភាពសកម្មរបស់លោកស្រីឯកអគ្គរដ្ឋទូត នៅ​ក្នុង​រយៈពេល​បំពេញបេសកកម្មការទូតនៅកម្ពុជាថា បានចូលរួមគ្រប់កម្មវិធីសង្គម នយោបាយ និង​ការងារ​ស្រ្តី។ សម្តេចបានលើកឡើងថា ដោយសារស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ស្រ្តី​កម្ពុជា និង​គុយបា បានក្រោកឈរយ៉ាងរឹងមាំ រួមសហការជាមួយបុរស នៅក្នុ​ង​ការ​បំពេញ​ការងារ​គ្រប់​វិស័យ ដោយភាពរឹងមាំ ក្លាហាន។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ភាពលំបាក​បាន​ធ្វើស្រ្តី ​រឹងមាំ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងកោតសរសើរចំពោះរដ្ឋសភាប្រទេសគុយបា ដែល​មាន​សមាជិកជាស្រ្តីដល់ទៅជាង ៥៣% ឈរនៅក្នុងលំដាប់លេខរៀងទី២ លើសកលលោក ក្នុងចំណោមរដ្ឋសភាមានសមាជិកជាស្រ្តីច្រើនជាងគេ បន្ទាប់ពីរដ្ឋសភារ៉ូវ៉ាន់ដា ដែល​មាន​ចំនួន​សមាជិក​សភា​ស្រ្តីរហូតដល់ ៦១%។ ការដែលមានសមាជិកសភាជាស្រ្តីច្រើននេះ មិនត្រឹមជាការ​លើក​កម្ពស់​សមភាពយេនឌ័ររវាងស្រ្តីនិងបុរសប៉ុណ្ណោះទេ តែជាការផ្តល់​អំណាច​ដល់​ស្រ្តី​នៅ​ក្នុង​ការ​កាន់​តួនាទីជាអ្នកសម្រេចចិត្តផងដែរ។

សម្តេច​ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សមាជិកសភា​ស្ត្រី​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កសាង​សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់របស់ជាតិ។

លោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ វិញ​ក៏​បាន​កោត​សរសើរ​ចំពោះ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ស្រ្តី​កម្ពុជា នៅក្នុងការងារនយោបាយ សង្គម និងសេដ្ឋកិច្ច។ ជាពិសេសលោកស្រី បានលើក​ឡើង​ពី​សមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ថាជាគំរូនិង​ជានិមិត្ត​រូប​របស់ស្រ្តី។ លោកស្រីឯកអគ្គរដ្ឋទូតផ្ទាល់ បានសិក្សានិងរៀនសូត្របានយ៉ាងច្រើនពី សម្តេចប្រធានរដ្ឋសភា ផងដែរ។

ការបញ្ចប់បេសកកម្មនៅកម្ពុជា ប្រៀបដូចជាឃ្លាតឆ្ងាយពីគ្រួសារ។ ប៉ុន្តែលោកស្រី ពេញ​ចិត្ត​ចំពោះ​ជោគ​ជ័យ នៃបេសកកម្មការទូតនៅកម្ពុជា ដែលទទួលបានការ​គំាទ្រ និង​លើក​ទឹកចិត្ត​ពី​រាជ​រដ្ឋាភិបាល រដ្ឋសភា និងជាពិសេសពីប្រជាពលរដ្ឋកម្ពុជា។ លោកស្រី​ ឯកអគ្គរាជទូត បាន​លើក​ឡើង​ថា គុយបានៅបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេស​បន្ត​ផ្តល់​អាហារូបករណ៍​សុខាភិបាល​ដល់​និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានលើកឡើង​ពី​ទំនាក់​ទំនងដ៏ល្អរវាងកម្ពុជាគុយបា ដែលបានពូនជ្រំឡើង ដោយ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៃ​ប្រទេស​ទំាងពីរ តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ មក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា ដែល​បានជួយកម្ពុជានៅគ្រាលំបាក ក្រោយពីងើបចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ ក្នុង​ឆ្នាំ​១៩៧៩។

ជាមួយ ការស្នើដល់ប្រទេសគុយបាបន្តជំរុញ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ ពង្រឹង​កិច្ច​សហប្រតិបត្តិការកាន់តែសកម្មនិងស៊ីជម្រៅលើវិស័យសុខាភិបាល អប់រំ កីឡា វប្បធម៌ និង​កសិកម្ម ជាដើម។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​គូស​បញ្ជាក់ថា រដ្ឋសភាកម្ពុជាគំាទ្រការក្លាយជាប្រទេសសង្កេតការណ៍របស់គុយបា នៅ​ក្នុង​វេទិកា​អន្តរស​ភាអាស៊ាន (AIPA) លើកទី៤៥ ដែល​រដ្ឋសភា​ប្រទេស​ឡាវ​ធ្វើ​ជាម្ចាស់​ផ្ទះ​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ​៕

ដោយ៖ តារា


ចែករំលែក៖