ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានលើកទ្បើងអំពីវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូនេស៊ី ដែលជាចំណងមិត្តភាពយូរអង្វែងមកហើយ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត ។ មួយវិញទៀត ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ក៏បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល អាណតិ្តទី ៧ នេះ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ ថ្ងៃ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ និងសហការី ព្រមទាំងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការបន្តជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ។ ទន្ទឹមនឹងនេះ សម្តេចធិបតី និង ឯកឧត្តមអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ជំរុញការភ្ជាប់ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរនិស្សិត និងការផ្លាស់ប្តូរសហគ្រិនវ័យក្មេង ជាដើម ៕
ដោយ ៖ សិលា