ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីជនរងគ្រោះឡើងទៅលើបង្គោលអង់តែនដើម្បីដំឡើងចាប់ខ្សែកាបអូមនីរបស់ទូរស័ព្ទចល័ត ស្រាប់តែភ្លាត់របូតខ្សែក្រវាត់សុវត្តិភាព បណ្តាលឱ្យធ្លាក់ចុះមកដីកម្ពស់១៧ម៉ែត្រ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះ ផូ សៀងហួត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករម៉ៅការឡើងបង្គោលអង់តែន ស្នាក់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះនិងបងប្អូនម្នាក់ទៀត ក្រោយពីម៉ៅការ ធ្វើការងារដំឡើងបង្គោលអង់តែនឱ្យក្រុមហ៊ុនស្មាត ជនរងគ្រោះបានឡើងទៅលើបង្គោលដើម្បីចាប់ខ្សែកាបអូមនី សម្រាប់ទូរស័ព្ទចល័ត ហើយខណៈដែលកំពុងចាប់ខ្សែស្រាប់តែភ្លាត់របូតខ្សែក្រវាត់សុវត្តិភាព បណ្តាលឱ្យធ្លាក់តាំងពីលើចុះមកដីកម្ពស់១៧ម៉ែត្រ រងរបួសធ្ងន់ធ្ងរ បាក់ចង្កេះ បាក់ជេីងខាងឆ្វេង និងរយះកសងខាង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដេីម្បីសង្គ្រោះ៕
ដោយ៖សុខាសែនជ័យ