ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកិច្ចការនារី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែមករា ឆ្នាំ២០២៤នេះបានអញ្ជើញបិទសន្និ​បាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការ​នារី។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ក្រសួងកិច្ចការនារី បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ​ការងារ​ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែមករា ឆ្នាំ២០២៤។ សន្និបាតនេះមានការចូលរួមពី​ថ្នាក់​ដឹកនាំ មន្ត្រីក្រសួង និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត ដៃគូជាតិ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុម​ប្រឹក្សា​-អភិបាលរងរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល សរុបប្រមាណ ៥១៥រូប។ អង្គសន្និបាត បានពិនិត្យឡើងវិញនូវសមិទ្ធផល បញ្ហាប្រឈម ក្នុងការងារកន្លងមក ដោយផ្អែក​តាម​ផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ ២០១៩-២០២៣ និងពិនិត្យកាលានុវត្តភាពថ្មី ដើម្បីលើកទិសដៅ​បន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

គួរជម្រាបជូនថា​ ការងារកិច្ចការនារី គឺជាការងារអន្តរវិស័យ ដែលមានសារសំខាន់ និងគ្របដណ្តប់​លើទិដ្ឋ​ភាព​ធំ៤ មានដូចជា៖

១) ទិដ្ឋភាពការទូត៖ ការបង្ហាញឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល នៅលើឆាក​ជាតិ និងអន្តរជាតិ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិស្រ្តី និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ លើក​កម្ពស់លិទ្ធិប្រជាធិបតេយ្យ ដែលរួមចំណែកលើកស្ទួយមុខមាត់និងកិត្តិយសរបស់ប្រទេសជាតិ។

២) ទិដ្ឋភាព​សេដ្ឋកិច្ច៖ ស្រ្តីក្នុងតួនាទីជាថ្នាក់ដឹកនាំកាន់តែច្រើននឹងរួមចំណែក​ធ្វើឱ្យកំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ការកើនឡើង (ការសិក្សារបស់ស្ថាប័នMcKinseyឆ្នាំ២០១៥ )។ ជាមួយគ្នានេះ ស្រ្តីក៏ជាតួអង្គមួយដ៏សំខាន់ដែលរួមចំណែកធ្វើឱ្យសម្រេចបាននូវការអនុវត្តគោល​នយោបាយ​ប្រជា​សាស្រ្ត (ការបន្តពូជពាក់ព័ន្ធនឹងតុល្យភាពជីវិត និងការងារ)។

៣) ទិដ្ឋភាពសង្គម៖ ស្រ្តីមានតួនាទីជាមាតា ជាគឹ្រះលំនឹងរបស់ក្រុមគ្រួសារ (ការងារផ្ទះសម្បែង និង​ការងារ​ថែរទាំសមាជិកគ្រួសារ) និងជាភ្នាក់ងារទំនាក់ទំនងអន្តរជំនាន់ (អប់រំកូន រក្សាវប្បធម៌ប្រពៃណី​ជាតិ)។

៤)ទិដ្ឋភាពនយោបាយ និងរក្សាសន្តិភាព៖ ដោយស្រ្តីជាអ្នកបោះឆ្នោតមានចំនួនជាង៥០ភាគរយ ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដែលចាំបាច់ត្រូវបន្តគិតគូរ និងយកចិត្តទុកដាក់។ លើកកម្ពស់ការចូលរបស់ស្រ្តីក្នុងការថែរក្សា និងការពារសន្តិភាព (កម្មវិធីស្រ្តី សន្តិភាព និងសន្តិសុខ)។

ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ៤ដំណាក់កាលកន្លងទៅ បានចាត់ទុក ស្រ្តីជាឆ្អឹងខ្នង​នៃសេដ្ឋ​កិច្ច និងសង្គមជាតិ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការវិនិយោគទៅលើការលើកកម្ពស់​សិទ្ធិ ឋានៈ តួនាទី និងស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ស្រ្តីនិងក្រុមគ្រួសារ។

ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍស្រ្តីកម្ពុជាបានទទួលភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ធ្វើ​ឱ្យជីវភាព​រស់នៅ និងក្រុមគ្រួសារមានភាពប្រសើរឡើង រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាព​ភាពក្រីក្រ និងភាពងាយរងគ្រោះ។ ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើន សេដ្ឋកិច្ច​កន្លងមក ហើយបច្ចុប្បន្ន ស្ត្រីមានឱកាសក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង និងជំនាញ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងសេដ្ឋកិច្ច ថ្នាក់ជាតិ និងថ្នាក់តំបន់។

កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាព​យេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹង​ភាព​ជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុង​នោះ ស្រ្តី គឺជាស្នូល។

គួរបញ្ជាក់ថា​ នៅឆ្នាំ២០២៣ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ (២០១៩-២០២៣) ហើយក្រសួងកិច្ចការនារី បានចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ផ្អែកលើស្មារតីនៃយុទ្ធ​សាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ រួមទាំងលទ្ធផលនៃកិច្ចពិភាក្សាក្នុងអង្គសន្និបាតរយៈពេល២ថ្ងៃ ដើម្បីរៀបចំផែនទីចង្អុលផ្លូវសម្រាប់ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ (២០២៤-២០២៨)៕

ដោយ​៖ តារា​


ចែករំលែក៖