ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីចំនួន ៥៩៥ នាក់ ស្រី ២៦៥នាក់ ក្នុងនោះមាននិស្សិតអាហា រូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១៣៦នាក់ (ស្រី ៤៥នាក់) នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME-សាខាពោធិ៍សាត់) និងអមដំណើរដោយឯកឧត្តម លោកជំទាវ មន្ត្រី ក្រោមឱវាទក្រសួងជាច្រើនរូប។
ក្នុងឱកាសនេះលោកបណ្ឌិតសភាចារ្យ ចូលរួមអបអរ សាទរចំពោះជោគជ័យក្នុងការសិក្សារបស់និស្សិតជ័យ លាភីទាំងអស់ ក៏ដូចជាកោតសរសើរចំពោះវឌ្ឍនភាព ជាបន្តបន្ទាប់របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តពោធិ៍សាត់ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០០១ ដែលកាលនោះនៅជាវិទ្យាស្ថាន និងបានប្រែក្លាយមកជាសាកលវិទ្យាល័យ នៅឆ្នាំ២០០៦ ដោយបានធ្វើការបណ្តុះបណ្តាល ស្របតាមកម្មវិធីសិក្សាថ្នាក់ជាតិ និងកំណត់កម្រិតនីមួយៗតាមគុណវុឌ្ឍិជាតិ ចាប់ពីការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររងរហូតដល់ បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យក្នុងតំបន់។
ជាងមួយទសវត្សរ៍ចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការកំណែទម្រង់ការអប់រំនៅឧត្តម វិនិយោគថវិកាមួយចំនួនធំលើការពង្រឹងគុណភាពនៃកម្មវិធីបណ្តុះបណ្តាលគ្រូ តាមរយៈការកែលម្អកម្មវិធីសិក្សាផ្សារភ្ជាប់ទៅនឹងការងារ និងសហគ្រាសអាជីវកម្ម/ឧស្សាហកម្ម ក្រោមគំរូភាពជាដៃគូជាមួយសាកលវិទ្យាល័យជាតិ និងអន្តរជាតិ និងលើការបង្កើនចំនួនបណ្ឌិត និងអ្នកស្រាវជ្រាវ ដើម្បីបង្កើនគុណភាពអប់រំនៅឧត្តមសិក្សា។ លើសពីនេះ ក្រសួងក៏បាន និងកំពុងដាក់ ឱ្យអនុវត្តបណ្តាញសាកលវិទ្យាល័យនិមិត្ត (Cyber University Network) ដើម្បីលើកកម្ពស់ការអប់រំឌីជីថល និងកាត់បន្ថយគម្លាតគុណភាពសិក្សារវាងគ្រឹះស្ថានឧត្តមសិក្សានៅទីក្រុង និងនៅតាមបណ្តាខេត្ត។
តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រយកម្ពុជា ក្រសួងនឹងបន្តអនុវត្តកំណែទម្រង់នៅឧត្តមសិក្សា ដើម្បីធានាបាននូវការបណ្តុះធនធានមនុស្សសម្រាប់បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាដោយផ្តោតលើ៖ (១).ការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សា (២).ការលើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យ ឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត (៣).ការជំរុញការសិក្សា ការបណ្តុះបណ្តាល និងកសាងជំនាញផ្នែកឌីជីថល និងជំនាញថ្មីៗ (៤).ការជំរុញសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងនវានុវត្តន៍ផ្នែកឌីជីថល (៥).ការកសាងភាពជាដៃគូជាមួយនឹងវិស័យឯកជន ក្នុងការជំរុញ និងការអភិវឌ្ឍការងារស្រាវជ្រាវ និង អភិវឌ្ឍន៍ និងនវានុវត្តន៍។
ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់សាកល-វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តពោធិ៍សាត់ ដើម្បីយកទៅអនុវត្តដូចខាងក្រោម ៖
(១). បន្តលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល ដោយគិតគូរអំពីការអភិវឌ្ឍ សមត្ថភាពសាស្ត្រាចារ្យជាប្រចាំ ជាពិសេសការបង្កឱកាសក្នុងការស្រាវជ្រាវបន្ថែម
(២). ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានស្អាត ជាពិសេសត្រូវបំពាក់សម្ភារបរិក្ខារឱ្យបានសមស្របសម្រាប់ការរៀននិងការបង្រៀន ដោយបំពាក់នូវបច្ចេកវិទ្យាទំនើប និងឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រនិងការស្រាវជ្រាវ
(៣). សិក្សាអំពីការបន្ថែមជំនាញមួយចំនួន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុង បរិបទយុគសម័ឌីជីថល
(៤). ផ្សាភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំណេះទូទៅលើកិច្ចការងារស្ទែម និងថ្នាលទំនាក់ទំនង ដើម្បីឱ្យសិស្សយល់ដឹងអំពីសារៈសំខាន់នៃការសិក្សានៅឧត្តមសិក្សា
(៥). ផ្សារភ្ជាប់ការបណ្តុះបណ្តាលទៅនឹងការងារធុរកិច្ច ការបង្កើតក្រុមការងារ ឬការបណ្តុះ ធុរកិច្ចជំនាន់ថ្មី៕
ដោយ៖ សូរិយា