ប្រទេសកូរ៉េខាងជើងនឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដំបូងរបស់ខ្លួនដែលជាជនជាតិរុស្ស៊ីមួយក្រុមនៅក្នុងខែកុម្ភៈ បន្ទាប់ពីរយៈពេលជិត 4 ឆ្នាំនៃការដាក់កំហិតយ៉ាងតឹងរ៉ឹងដើម្បីការពារ COVID-19។
ប្រទេសកូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលអនុវត្តការបិទព្រំដែនដ៏តឹងរ៉ឹងបំផុតក្នុងពិភពលោក ដើម្បីដោះស្រាយការរីករាលដាលនៃមេរោគ COVID-19 នៅដើមឆ្នាំ 2020។
យោងតាម Reuters ការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនទេសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុង Vladivostok (រុស្ស៊ី)។ លោក Oleg Kozhemyako អភិបាលនៃតំបន់ Primorsky Krai នៅចុងបូព៌ារបស់រុស្សី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងក្នុងខែធ្នូ ឆ្នាំ 2023 ហើយមានការចរចាទាក់ទងនឹងការធ្វើដំណើរ។
ព័ត៌មានផ្សាយពាណិជ្ជកម្មតាមអុីនធើណិតបាននិយាយថា ដំណើរកម្សាន្តរបស់អ្នកទេសចររុស្ស៊ីនឹងមានរយៈពេល ៤ ថ្ងៃ ដោយចេញដំណើរនៅថ្ងៃទី ៩ ខែកុម្ភៈ ទៅកាន់ទីក្រុងព្យុងយ៉ាង និងរមណីយដ្ឋានជិះស្គី។ ការធ្វើដំណើរនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល 750 ដុល្លារ/ម្នាក់។
លោក Simon Cockerell អគ្គនាយកក្រុមហ៊ុន Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង (ប្រទេសចិន) បាននិយាយថា ដៃគូនៅក្នុងប្រទេសកូរ៉េខាងជើងបានបញ្ជាក់ពីព័ត៌មានខាងលើ ហើយបាននិយាយថា ការធ្វើដំណើរនេះគឺជាដំណើរទេសចរណ៍ពិសេសមួយ។ លោក Cockerell បាននិយាយថា “កូរ៉េខាងជើងមិនបានស្វាគមន៍ភ្ញៀវអន្តរជាតិណាមួយអស់រយៈពេលជាង 4 ឆ្នាំមកហើយ ដូច្នេះដំណើរកម្សាន្តណាមួយគឺជាជំហានវិជ្ជមានឆ្ពោះទៅមុខ” ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបគ្នានៅឯកិច្ចប្រជុំកំពូលមួយនៅភាគខាងកើតប្រទេសរុស្ស៊ីក្នុងខែកញ្ញា ឆ្នាំ 2023។ មេដឹកនាំទាំងពីរបានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើផ្នែកសេដ្ឋកិច្ច នយោបាយ និងយោធា៕ ដោយ៖ ធីរីណា
រូបថត៖ Reuters