ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យខុសច្បាប់! ឧបករណ៍ចាប់ត្រីមួយផ្នែកតូច នៅស្រុកបាកានត្រូវបានបង្រ្កាប

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់  ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីក្រោមឱវាទកម្លាំង(ផ្នែក/សង្កាត់រដ្ឋបាលជលផលបាកាន)ចុះសហការជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងកំលាំងថ្នាក់ជាតិ ប្រចាំបឹងទន្លេសាប សរុបប្រមាណៈ ៣០នាក់ មធ្យោបាយដោយកាណូតចំនួន០៥គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ និងបង្រ្កាបការប្រើប្រាស់ឧបករណ៍ចាប់ត្រី ខុសច្បាប់ស្ដីពីជលផល ។

លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃដដែលនេះថា ករណីសមត្ថកិច្ចសហការចុះពិនិត្យ និងបង្រ្កាបខាងលើនេះ ធ្វើឡើងចាប់ពីព្រែកដីរនាតដល់ព្រែកក្អមសំណ ស្ថិតនៅភូមិក្អមសំណ និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក នាយរងខណ្ឌរដ្ឋបាលជលផលឲ្យដឹងទៀតថា លទ្ធផលៈ កំលាំងសហការចាក់លែងត្រីតូចៗចំរុះចូលបឹងធម្មជាតិ(បឹងទន្លេសាប)វិញចំនួន៦៧គីឡូក្រាម ក្នុងលទ្ធផលបង្រ្កាបឧបករណ៍កែច្នៃ(របាំងសាច់អួន)ប្រវែងចំនួន២២០០ម៉ែត្រ ក្បាលបរ(ចាប់ត្រី)ចំនួន០៩គ្រឿង បង្គោលចម្រឹង(កូនឈើ)ចំនួន៥៥០ដើម ចំពោះវត្ថុខាងលើនេះ បំផ្លាញចោល ។

ដោយឡែកៈ ប្រភពផ្សេងៗលើកឡើងប្រហាក់ប្រហែលគ្នាថា លទ្ធផលនេះ មួយផ្នែកតូចប៉ុណ្ណោះ ព្រោះក្រុមប្រើប្រាស់ឧបករណ៍បែបនេះ កើតមានច្រើន វែងៗ រួមទាំង បទល្មើសផ្សេងៗទៀតច្រើនណាស់ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖