ខេត្តរតនគិរី៖ គ្រូជាប់កិច្ចសន្យាម្នាក់ ត្រូវចោរឆក់យកកាបូបបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី១១ ខែមករាឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់ចំណុចភូមិ១(ទួលសុក្រំ)ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណា ណាង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាគ្រូបង្រៀនជាប់កិច្ចសន្យា ពេលធ្វើដំណើរទៅបង្រៀនសិស្ស ក៏បានជួបម៉ូតូ១គ្រឿងជិះគ្នាពីរនាក់ប្រដេញតាមក្រោយធ្វើសកម្មភាពឆក់កាបូបតែម្តងបណ្តាលឲ្យដួលរងរបួសដៃជើងស្រាល ឈឺទ្រូង និងភ័យហាក់វង្វេងស្មារតី។
ប្រភពបន្តថា ម៉ូតូធ្វើសកម្មភាពឆក់នោះម៉ាកឌ្រីមC125ពណ៌ខ្មៅ មិនចាំស៊េរីឆ្នាំ កាំបន្ទះស ជិះគ្នាពីរនាក់ វ័យចន្លោះពី១៥ឆ្នាំ ទៅ២០ឆ្នាំ បើកបរក្នុងទឹសដៅស្របគ្នាពីស្រែអង្គ្រងទៅត្រពាំងក្រហម ដល់ចំណុចកើតហេតុក៏ឆក់កាបូបហើយត្រឡប់ក្រោយវិញ។
ជនរងគ្រោះខូចខាតម៉ូតូ និងបាត់បង់សម្ភារៈរួមមាន៖ កាបូបខ្មៅស្ពាយចំហៀងចំនួនមួយក្នុងនោះមានថវិកា៣០.០០០រៀល ទូរស័ព្ទស្មាតហ្វូនមួយគ្រឿង កាតATMមួយ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងនិងកំណត់មុខសញ្ញាព្រមទាំងបានដាក់កម្លាំងដេញតាមស្ទាក់ឃាត់ខ្លួនជនសង្ស័យដែរ ប៉ុន្តែតាមមិនទាន់។
ប្រភពពីប្រជាពលរដ្ឋថា នៅក្នុងស្រុកកូនមុំមានករណីប្រើប្រាស់និងចែកចាយគ្រឿងញៀនគ្រប់ទីកន្លែង ដូចជានៅក្នុងឃុំតឺនស្រុកកូនមុំ និងនៅក្នុងក្រុមហ៊ុនចម្ការចេករបស់វៀតណាមលក់ដូចបន្លែមិនខ្លាចសមត្ថកិច្ចជំនាញចុះទៅទប់ស្កាត់និងបង្ក្រាបនោះឡើយ។
ប្រភពទៀតថា ប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងដោយសារកូនចៅគាត់ចេញទៅបង្រៀននិងទៅធ្វើការឆ្ងាយៗមានការព្រួយបារម្ភពីសុវត្ថិភាពតាមផ្លូវ បន្ទាប់ពីមានក្រុមចោរឆក់ធ្វើសកម្មភាពនៅតាមដងផ្លូវបែបនេះ។
បងប្អូនប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអធិការនគរបាលស្រុកកូនមុំមានវិធានការចុះទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពចោរឆក់និងករណីគ្រឿងញៀនជាដើមផង៕
ដោយ ៖ ជីវ័ន្ត