ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ​..! នឹងមានការប្រកួតវាយសីពានរង្វាន់៧មករានៅខេត្តមណ្ឌលគិរី​ ដើម្បីអបអរសាទរខួបអនុស្សារីយ៍ ទិវាជ័យជម្នះ៧មករា

ចែករំលែក៖

ខេត្តមណ្ឌលគិរី​ ៖​ ការប្រកួតវាយសីពានរង្វាន់៧មករា លើកទី២៣ ឆ្នាំ២០២៤ ដែលខេត្តមណ្ឌលគិរីទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីអបអរសាទរខួបអនុស្សារីយ៍ ទិវាជ័យជម្នះ៧មករា លើកទី៤៥ និងដំណើរការប្រកួតផ្លូវការ នៅថ្ងៃទី១៣ ខែ មករា ស្អែកនេះ។

    ថ្លែងក្នុងពិធីចាប់ឆ្នោតចែកពូលប្រកួត នារសៀលថ្ងៃទី១២ ខែ មករានេះ លោក ឧត្តមសេនីយ៍ទោ ជា សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា មានប្រសាសន៍ថា ការប្រកួតនឹងដំណើររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ មករា ឆ្នាំ២០២៤។

      លោកថា ការប្រកួតកីឡាវាយសីពានរង្វាន់៧មករា គឺ ធ្វើការប្រកួតលើ៧វិញ្ញសា មានដូចជា៖ វិញ្ញសាប្រកួតវាយគូបុរសអាយុក្រោម១៨ឆ្នាំ .វាយគូបុរស១៩ឆ្នាំឡើង .វាយគូបុរសអាយុ៤០ទៅ៥០ឆ្នាំ .វាយគូបុរសអាយុ៥០ឆ្នាំឡើង. វាយគូពិសេសអាយុ៣៥ឆ្នាំឡើង និង៥០ឆ្នាំឡើង .វាយគូបុរសអាយុ១៨ឆ្នាំ .វាយគូនារីមិនគិតអាយុ និងវិញ្ញាសាប្រកួតវាយគូចម្រុះ។

      ការប្រកួតនេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩ ដែលជាថ្ងៃរំដោះនិងសង្រ្គោះ ប្រទេសជាតិបានរួច ផុតពីរបបប្រល័យ ពូជសាសន៍ប៉ុលពត និងបានផ្តល់កំណើតទី២ ជូនពលរដ្ឋខ្មែរ និងជាដើមកំណើត នៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។ជាមួយគ្នានេះ ការប្រកួតពានរង្វាន់៧មករានេះ ក៏ជាផ្នែកមួយក្នុងការជំរុញផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឲ្យបានដឹងនិងយល់អំពីអត្ថន័យនៃថ្ងៃជ័យជំនះដែលខ្មែរគ្រប់រូបត្រូវតែចងចាំ។

    អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា​ បានគូសបញ្ជាក់ទៀតថា  មូលហេតុដែលសហព័ន្ធតែងតែរៀបចំការប្រកួតប្តូរវេនពីខេត្តមួយទៅខេត្តមួយទៀតក្នុងមួយឆ្នាំៗនោះ ព្រោះសហព័ន្ធចង់បំផុសឲ្យវិស័យវាយសីនៅតាមបណ្តាខេត្តមានសកម្មភាពផុសផុលនិងក្លាយជាកីឡាប្រជាប្រិយភាពទាក់ទាញបានយុវជនចូលរួមលេងច្រើន៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖