ខេត្តកំពត៖ បើតាមការបញ្ជាក់ពីនាយកតំបន់ការពារទេសភាពអន្លង់ព្រីង លោក ឈឹម ម៉េង បានថ្លែងថា ចំនួនសត្វក្រៀលកាលពីឆ្នាំ២០២២ នៅតំបន់ការពារទេសភាពអន្លង់ព្រីង មានវត្តមានប្រមាណ ៩០ក្បាល ខណៈឆ្នាំ២០២៣ មានការកេីនឡេីងរហូតដល់ ១០៣ក្បាល នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
នាយកតំបន់ការពារទេសភាពអន្លង់ព្រីងរូបនេះ បន្តថា សម្រាប់ឆ្នាំ២០២៤នេះ ចំនួនសត្វក្រៀលដែលមករកចំណី និងស្នាក់នៅតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត អាចនឹងមានការកេីនឡេីង ក្រោយពីក្រុមការងារអភិរក្ស បានឃេីញមានវត្តមានសត្វក្រៀលវ័យជំទង់ចំនួន ៨ ក្បាល ក្នុងចំណោមសត្វក្រៀល ៣០ក្បាល។
លោកនាយកតំបន់ បានបន្ថែមថា បើគិតចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ វត្តមានសត្វក្រៀលនៅបឹងធម្មជាតិអន្លង់ព្រីង មានចំនួន ២៦ ក្បាល ដែលបានផ្លាស់ទីពី តំបន់អភិរក្សបឹងព្រែកល្ពៅ ខេត្តតាកែវ មករកចំណី និងស្នាក់នៅតំបន់អន្លង់ព្រី នេះ។ លោក បន្ថែមថា បើតាមការសន្និដ្ឋាន តំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ដែលមានសុវត្តិភាពសម្រាប់សត្វក្រៀលដ៏កម្រនេះ ក៏ដូចជាសត្វស្លាបជាច្រេីនប្រភេទទៀត ដេីម្បីមកស្នាក់នៅ និងរកចំណី។
សូមជម្រាបជូនថា ក្រៀលជាសត្វស្លាបត្រូវបានគេចាត់ទុកងាយរងគ្រោះ និងជិតផុតពូជ។ ក្រៀលជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលេីលោក ដែលជាទូទៅមានកម្ពស់ ១,៧៦ ម៉ែត្រ មានទម្ងន់ ៥ ដល់ ១២ គីឡូក្រាម និងមានប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ សូមប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្បែរៗបឹង ចូលរួមថែរក្សា និងការពារសត្វក្រៀលដ៏កំម្រនេះ៕
ដោយ៖ តារា