ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០២ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ។ នេះជាការបញ្ជាក់អោយដឹងពី អង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី០៩ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ ដែលបានប្រព្រឹត្តបទល្មើសលួចយកម៉ូតូ ក្នុងរាជធានីភ្នំពេញ ចំនួន០២ករណី។
ករណីទី១៖ លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល១AI-៨៣៤០ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥២ ផ្លូវលេខ២៥បេ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល១AI-៨៣៤០។
ករណីទី២៖ លួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាក លេខភ្នំពេញ១KB-៤២៥៧ ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុម០១ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ អៀង សំបូរ ហៅ ហាវ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ នូ ភឿន ហៅ ថាច់ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ ជាងភ្លើង។
ភស្តុតាងចាប់យក៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល១AI-៨៣៤០ ជារបស់ជនរងគ្រោះឈ្មោះ មៀច ណារ៉ាក់, ផ្លាកលេខម៉ូតូ ភ្នំពេញ១KB-៤២៥៧ ចំនួន០១បន្ទះ ជារបស់ជនរងគ្រោះឈ្មោះ សេង គឹមហេង ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញតាមការស្នើសុំ។
បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងចាប់យកខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សិលា