ខេត្តស្វាយរៀង៖ មានករណីផ្ទុះជំងឺប៉េស្តជ្រូកងាប់ជាបន្តបន្ទាប់នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។
អ្នកចិញ្ចឹមជ្រូកនៅភូមិកណ្តាល ឃុំខ្សែត្រ បានសំណូមពរសុំឱ្យមន្ត្រីជំនាញ ជាពិសេសលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មេត្តាជួយផ្តល់វ៉ាក់សាំងការពារជំងឺសត្វជ្រូក និងថ្នាំព្យាបាលសត្វជ្រូកផង បច្ចុប្បន្នជ្រូកដែលប្រជាពលរដ្ឋចិញ្ចឹមនៅឃុំខ្សែត្រកំពុងផ្ទុះជំងឺធ្ងន់ធ្ងរ និងងាប់ជាច្រើនក្បាលផងដែរ។
ទាក់ទិននឹងករណីខាងលើនេះដែរ មន្រ្តីការិយាល័យពេទ្យសត្វស្រុកកំពង់រោទ៍ បានឱ្យដឹងថា ម្ចាស់អ្នកចិញ្ចឹមជ្រូកឈ្មោះពេជ្រ យោ នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ មានចញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ហើយកន្លងមកសត្វជ្រូកមានជំងឺ គាត់ពុំបានរាយការណ៍ជូនមន្ត្រីពេទ្យសត្វភូមិឃុំទេ គាត់ព្យាបាលដោយខ្លួនឯង ក្រោយមកមានផ្ទុះជំងឺប៉េស្តជ្រូកងាប់ច្រើនទើបដឹងដល់មន្ត្រីពេទ្យសត្វចុះទៅពិនិត្យទើបដឹងថា ការផ្ទុះជំងឺប៉េស្តជ្រូកនេះកើតឡើងតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤មក និងមានសភាពធ្ងន់ធ្ងរ ឈានទៅងាប់ជាច្រើនក្បាល។
មន្ត្រីពេទ្យសត្វស្រុករូបនេះបានបន្តថា តាមការអង្កេតវិភាគបឋម គឺ៖ ទី១ សង្ស័យជាជំងឺប៉េស្តជ្រូកធម្មតា និងទី២សង្ស័យជាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលជាជំងឺកាចសាហាវបំផុត បង្កឡើងដោយពពួកវីរុស បច្ចុប្បន្នពុំទាន់មានវ៉ាក់សាំងការពារនិងព្យាបាលទេ។
ប្រភពបន្តទៀតថា ក្រោយការពិនិត្យ អង្កេតជាបឋមឃើញសំណាកសង្ស័យបែបនេះ មន្ត្រីជំនាញពេទ្យសត្វឃុំស្រុក បានចុះធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូកឱ្យពួកគាត់យល់ដឹង៖ ទី១-ត្រូវចាក់វ៉ាក់សាំងការពារតាមប្រតិទិន្ន ទី២-បាញ់ថ្នាំសម្លាប់មេរោគ ក្នុងទ្រុងនិងជុំវិញទ្រុង៧ថ្ងៃម្តងឬ១៤ថ្ងៃម្តង តាមលទ្ធភាពជាក់ស្តែង ទី៣-ត្រូវធ្វើអនាម័យជាប្រចាំ ទី៤-ពេលសត្វមានជំងឺត្រូវរាយការណ៍ទៅពេទ្យសត្វឃុំនិងអាជ្ញាធរភូមិ ឃុំ ដើម្បីជួយអន្តរាគមន៍។
មន្ត្រីពេទ្យសត្វបានលើកឡើងថា បញ្ហាប្រឈមគឺពេលសត្វជ្រូកឈឺងាប់ ពួកគាត់មិនព្រមកប់ចោលទេ គឺពួកគាត់កាប់សាច់លក់នៅតាមមូលដ្ឋានបណ្តាលឱ្យឆ្លងជំងឺដល់សត្វជ្រូកគ្រប់ទីកន្លែង។ ពេលសត្វជ្រូកមានជំងឺ កសិករអ្នកចិញ្ចឹមជ្រូកមួយចំនួនបានព្យាបាលខ្លួនឯង មិនព្រមរាយការណ៍ផ្តល់ព័ត៌មានឱ្យមន្ត្រីពេទ្យសត្វឃុំទេ។
មន្ត្រីពេទ្យសត្វបានបញ្ជាក់ថា ទោះយ៉ាងណានៅរង់ចាំការយកសំណាកទៅពិសោធន៍ឡាបូនៅភ្នំពេញ ទើបដឹងថាជាប្រភេទជំងឺអ្វីឱ្យពិតប្រាកដ ហើយជំហានដំបូងមន្ត្រីជំនាញពេទ្យសត្វកំពុងតែចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទ្រុងរបស់កសិករដែលចិញ្ចឹមជ្រូក៕
ដោយ៖ សុថាន