ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរការរកសន្តិភាពរវាងអ៊ុយក្រែនជាមួយនឹងរុស្ស៉ីមានភាពចាំបាច់វត្តមានរបស់ចិន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា បន្ទាប់ពីកិច្ចប្រជុំការទូតកម្រិតខ្ពស់នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វីស អ្នកតំណាងជាន់ខ្ពស់របស់អ៊ុយក្រែន បាននិយាយថា ចិនត្រូវតែចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៉ី។
ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា វាជារឿងសំខាន់ដែលសម្ព័ន្ធមិត្តរបស់រុស្ស៉ីគឺចិនមានវត្តមាននៅឯតុចរចាក្នុងពេលដែលអ៊ុយក្រែន កោះប្រជុំបន្ថែមលើផែនការសន្តិភាពរបស់ខ្លួន។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុង Davos ប្រទេសស្វីសនៅក្នុងសប្តាហ៍នេះ។ រីឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី Zelenskyy គ្រោងទៅដល់ទីក្រុង Bern ប្រទេសស្វីសនៅថ្ងៃចន្ទនេះ ដើម្បីជួបជាមួយប្រធានសហព័ន្ធស្វីស (ប្រធានាធិបតី) លោកស្រី Viola Amherd។ នៅពេលត្រូវបានសួរថាតើលោក ហ្សេលេនស្គី នឹងត្រូវជួបលោក Li ដែរឬទេ? លោក Yermak បានឆ្លើយតបថា «សូមរង់ចាំមើលសិន»។
ក្រៅពីអ្នកតំណាងរបស់អ៊ុយក្រែនហើយនោះ សមាជិកក្រុមប្រឹក្សាសហព័ន្ធស្វីស លោក Ignazio Cassis ក៏បានលើកឡើងពីសារសំខាន់របស់ចិន ក្នុងការស្វែងរកកិច្ចចរចាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែនផងដែរ។ បើតាមលោក Cassis ប្រទេសដែលមានកិច្ចសន្ទនាជាមួយរុស្ស៉ី ដូចជាប្រេស៉ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ដែលបានចូលរួមក្នុងកិច្ចពិភាក្សានៅទីក្រុង Davos នឹងអាចដើរតួនាទីយ៉ាងសំខាន់ដែរក្នុងបញ្ហានេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖