ទីក្រុងប៉ារីស ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ កិច្ចការងារដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ប្រទេសជាតិ និងប្រជាជនគឺមានការងារពីរដែលធំផ្តោតទៅលើការជួយប្រជាពលរដ្ឋគឺ៖
ទី១- ជួយផ្តល់ត្រី
ទី២- ជួយផ្តល់សន្ទូចអោយស្ទូចត្រី
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការជួយផ្តល់ត្រីគឺការជួយប្រជាពលរដ្ឋជាក់ស្តែងតែម្តងនៅក្នុងកាលៈទេសៈលំបាក ការជួយផ្តល់សន្ទូចអោយស្ទូចត្រីគឺការជួយកសាងសមត្ថភាពដើម្បីអោយគាត់មានឱកាសរស់ខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុបប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅក្រុមប្រឆាំងកុំឱ្យមើលស្រាលដល់ប្រជាជាតិខ្មែរ ដោយសំដៅលើភាសាថាខ្មែរនៅបរទេសទាល់តែរដ្ឋាភិបាលឱ្យលុយទើបនាំគ្នាមកជួបសម្ដេចនោះ។ សម្ដេចថា ៖ ប្រជាជនខ្មែរជាជាតិសាសន៍ស្រលាញ់ពូជសាសន៍មិនដែលបោះបង់ចោលគ្នានោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ខ្មែរនៅទីណាក៏ដោយនៅតែរួបរួម ស្រលាញ់រាប់អានគ្នា ចេះដឹងសុខទុក្ខ និងឈឺឆ្អាលពីគ្នា។
សម្ដេចថា៖ «សូមកុំមើលស្រាលប្រជាជនខ្មែរ។ ស្មារតីរួមគ្នានៃជាតិខ្មែរនេះគឺឈាមខាប់ជាងទឹកនៅទីណាក៏ដោយសុខចិត្តជ្រៀតចូលគ្នាដើម្បីជួបជុំគ្នាហើយដើម្បីបង្ហាញស្មារតីស្រលាញ់គ្នា រាប់អានគ្នា ហើយជាពិសេសការឈឺឆ្អាលពីប្រទេសខ្លួន»។
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូកម្ពុជាឆ្ពោះទៅប្រទេសបារាំងក្នុងដំណោះទស្សនកិច្ចផ្លូវការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ក្នុងពេលដែលសម្ដេចអញ្ជើញទៅដល់ប្រទេសបារាំងមានប្រជាជនខ្មែរជាច្រើនបានទៅស្វាគមន៍សម្ដេចនៅសណ្ឋាគារដែលសម្ដេចស្នាក់នៅ និងបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេចផងដែរ។
គូរឱ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចទៅបារាំងនេះសម្ដេចនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2024) នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងជារ៉ូស-ខូស្ទ័រ សហព័ន្ធស្វីស និងអញ្ជើញបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤៕
ដោយ ៖ សិលា