ភ្នំពេញ៖ ប្រភពច្បាស់ការណ៍ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយអង្គភាពយើងដឹងនៅរសៀលថ្ងៃទី១៦ខែមករាឆ្នាំ២០២៤នេះថា,ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះពិនិត្យសពស្ត្រីជាប្រពន្ធនិងដោយមានភស្តុតាងគឺក្រដាសមួយសន្លឹកដែលប្តីរបស់គាត់បានសរសេរថា-ស្រីផឹតប្តី និងប្រភពពីសាច់ញាតិផងនោះទើបសនិដ្ឋានថាពិតជាមកពីរឿងប្តីប្រចណ្ឌប្រពន្ធពិតប្រាកដមែន។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជនរងគ្រោះខាងលើ តាមផ្លូវលំ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសជាប្តីដែលជាឃាតកមានឈ្មោះ សួង រតនា អាយុ៣៦ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។
ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ពេជ្រ អង្គាពេញបរមី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកធនាគារ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា។
យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា នៅយប់មុនពេលថ្ងៃកើតហេតុ ពួកគាត់បានឮសំឡេងប្តីប្រពន្ធទាំងពីរនាក់បានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង ហើយនៅព្រឹកឡើងក៏ពុំឃើញស្ត្រីជាប្រពន្ធភ្ញាក់ពីដំណេកទៅប្រកបការងារដូចសព្វដងនោះទេ។ ដោយមានការសង្ស័យស្ត្រីជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះបានទៅគោះទ្វារស្រែកហៅកូនរបស់គាត់តែអត់ឮសូរសំឡេងឆ្លើយតប ហើយគាត់ក៏បានរុញទ្វារចូលទៅមើលក៏ប្រទះឃើញកូនស្រីរបស់គាត់បានដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមរបួសក្បាលនិងមុខ ហើយជនសង្ស័យដែលជាកូនប្រសាបានដេកសន្លប់បាត់ស្មារតី ព្រោះក្រោយពេលសម្លាប់ប្រពន្ធរួចហើយ ឃាតករូបនេះបានប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនឯងតាមក្រោយតែពុំបានសម្រេចត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីធ្វើការសង្រ្គោះ។
ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌសែនសុខនិងកម្លាំងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរបែកក្អមចុះមកពិនិត្យសពនិងវត្ថុតាងនៅទីតាំងកើតហេតុខាងលើដោយនៅក្បែរជនរងគ្រោះមានបន្សល់ទុកនូវញញួរមួយដើមនិងក្រដាសមួយសន្លឹកដែលប្តីបានសរសេរថា-ស្រីផឹតប្តី។
សពស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យជាប្តីសមត្ថកិច្ចកំពុងរចាត់ការតាមនីតិវិធី ដោយពេលនេះគ្រូពេទ្យកំពុងធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕
ដោយ៖ ចន្ទ លីហ្សា