ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ​ ប្រកាសចូលកាន់មុខតំណែងអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ​ នៅព្រឹកថ្ងៃអង្គារទី១៥ ខែមករា ឆ្នាំ២០២៤នេះ​ ប្រកាសចូលកាន់មុខតំណែងអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ, លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក, អគ្គនាយករង, ប្រធាននាយកដ្ឋាន,​ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទជាច្រើនរូប។ 

លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក បានមានប្រសាសន៍ស្វាគមន៍ដោយបានលើកឡើងពីរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋាន ស្ថានភាព និងវឌ្ឍនភាពដែលអគ្គនាយកដ្ឋានសម្រេចបាន ដោយបានលើកឡើងថា អគ្គនាយកដ្ឋានបាន និងកំពុងពង្រឹងប្រសិទ្ធភាពការងារ ក៏ដូចជាស្ថាប័នទាំងមូល ដោយយកចិត្តទុកដាក់លើវិន័យ ការពង្រឹងធនធានមនុស្ស ការចាត់បញ្ជូនមន្ត្រីចូលរួមសិក្សាជំនាញទាំងក្នុង និងក្រៅប្រទេសជាដើម។ 

លោកអគ្គនាយក​ បានបន្តថា ដើម្បីជំរុញ និងធានាប្រសិទ្ធភាពការងារបន្ថែមទៀត អគ្គនាយកដ្ឋានក៏បានពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធលើកិច្ចការងារបច្ចេកវិទ្យាឌីជីថលផងដែរ។ បន្ថែមពីនេះ លោកបានលើកឡើងថា អគ្គនាយកដ្ឋានតែងតែជំរុញទឹកចិត្តមន្ត្រីគ្រប់ជាន់ថ្នាក់ឱ្យបន្តចូមរួមចំណែកពង្រឹង និងបំពេញការងារស្នូលប្រកបដោយទំនួលខុសត្រូវខ្ពស់ស្របតាមផែនការ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានដាក់ចេញ។ 

លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ បានបញ្ជាក់ថា កម្មវិធីថ្ងៃនេះបញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំគ្រប់កម្រិតក្នុងអគ្គនាយកដ្ឋាន ដោយបានមើលឃើញពីសមត្ថភាពសមស្រប មុននឹងមានការស្នើសុំឱ្យមានការតែងតាំងនេះ។ បន្ថែមពីនេះ លោក បានលើកឡើងថា ការអនុវត្តតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានត្រូវផ្សារភ្ជាប់ជាមួយគោលការណ៍ គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ហើយការអនុវត្តការងារត្រូវមានភាពប្រទាក់ក្រឡាគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ 

លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានបន្ថែមថា ក្រោមការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ របស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចឱ្យមានការបង្កើតនាយកដ្ឋានព័ត៌មានវិទ្យា ស្របតាមភាពចាំបាច់នៃការធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យា និងទាញយកបច្ចេកវិទ្យាសម្រាប់បម្រើសេវាសាធារណៈ និងការបំពេញការងារផ្ទៃក្នុងប្រចាំថ្ងៃ។ ដោយកិច្ចការងារទាក់ទងនឹងបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ និងការកើនឡើងនៃតម្រូវការប្រើប្រាស់បច្ចេកវិទ្យា ទើបសម្រេចឱ្យមានការបង្កើតឡើងនូវអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋលេខាធិការរូបនេះ​ បានមានប្រសាសន៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំដែលទើបទទួលបានតែងតាំង ដោយត្រូវមានការយល់ដឹងច្បាស់ពីតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋាន ផែនការយុទ្ធសាស្ត្រ ក្របខណ្ឌនៃការណែនាំផ្ទៃក្នុង ទើបអាចដឹកនាំក្រុមការងារដល់គោលដៅ ហើយត្រូវបើកចិត្តឱ្យទូលាយ ទទួលយក និង ប្រមែប្រមូលមន្ត្រីក្រោមឱវាទដែលមានជំនាញរៀងៗខ្លួន ដើម្បីឱ្យក្លាយជាកម្លាំងរួមបំពេញកិច្ចការបម្រើឱ្យផលប្រយោជន៍រួម។ 

លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានណែនាំបន្តថា ការបញ្ជាដល់មន្ត្រីក្រោមឱវាទឱ្យអនុវត្តកិច្ចការអ្វីមួយ ត្រូវប្រើប្រាស់ពាក្យពេចន៍ ភាសាបែបសាមញ្ញ ខ្លី ខ្លឹម និងមានភាពច្បាស់លាស់ និងត្រូវក្រើនរំលឹក ក៏ដូចជាពន្យល់មន្ត្រីពីពេលវេលា ទំហំការងារ លទ្ធផលការងារដែលរំពឹងទុក ជាពិសេសសមិទ្ធផលដែលសម្រេចបានពីការអនុវត្តការងារដែលអាចបម្រើដល់ក្រសួង និងសង្គមជាតិទាំងមូល។ លោកបានបន្ថែមថា ការពិនិត្យលទ្ធផលការងារក៏មានភាពចាំបាច់ផងដែរ ដោយអាចធ្វើឡើងតាមរយៈការជួបប្រជុំគ្នាតាមរបបកំណត់ និងកិច្ចពិភាក្សាផ្ទៃក្នុងនានា។ 

បន្ថែមពីនេះ លោករដ្ឋលេខាធិការរូបនេះ​ ក៏បានណែនាំឱ្យមានការគ្រប់គ្រងមន្ត្រីឱ្យបានល្អ ប្រកបដោយសីលធម៌ មានវិន័យ និងវិជ្ជាជីវៈ ហើយត្រូវជំរុញឱ្យមានការបណ្ដុះបណ្ដាលមន្ត្រី ដែលជាកិច្ចការងារសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់អង្គភាព។ ឯកឧត្តម បានជំរុញឱ្យអគ្គនាយកដ្ឋានបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិនានាជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ លើកិច្ចការងារបច្ចេកវិទ្យាឌីជីថលនេះ។ 

លោកនាយឧត្តមសេនីយ៍ បានបង្ហាញក្ដីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូបបន្តខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងតម្រូវការជាក់ស្ដែង ហើយជាពិសេសមន្ត្រីចំណុះត្រូវមានការទទួលខុសត្រូវផ្សេងៗគ្នាប្រកបដោយឆន្ទៈមុះមុត ត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន បំពេញការងាររបស់ខ្លួនឱ្យបានរហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងត្រូវបន្តការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ៕

 

ដោយ៖ តារា


ចែករំលែក៖