ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថានវាយប្រហារសងសឹកអុីរ៉ង់ ចិនអំពាវនាវឱ្យមានការអត់ធ្មត់

ចែករំលែក៖

កម្លាំងទាហានប៉ាគីស្ថាន បានបើកការវាយប្រហារតាមអាកាសទៅលើក្រុមប្រដាប់អាវុធដែលប្រឆាំងនឹងទីក្រុងអ៊ីស្លាមម៉ាបាដនៅក្នុងប្រទេសអុីរ៉ង់។ ការវាយប្រហារនោះបណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់។
សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ក្រសួងការបរទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសដូចគ្នាចូលមកក្នុងទឹកដីរបស់ប៉ាគីស្ថាន។
ក្រសួងការបរទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «នាព្រឹកនេះ ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាស ដោយកំណត់គោលដៅលើទីតាំងសំងំលាក់ខ្លួនរបស់ក្រុមភេរវករនៅក្នុងខេត្ត Siestan-o-Baluchistan នៃប្រទេសអ៉ីរ៉ង់ ខណៈដែលពួកភេរវករមួយចំនួនត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ»។ ស្របពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ស្រ្តី៣នាក់ព្រមទាំងកុមារ៤នាក់ បានបាត់បង់ជីវិត ក្រោយការវាយប្រហារដោយមីស៉ីលរបស់ប៉ាគីស្ថាននៅឯតំបន់ភាគអាគ្នេយ៍អ៉ីរ៉ង់។
ការវាយប្រហារខាងលើរបស់ប៉ាគីស្ថានកើតមានឡើងបន្ទាប់ពីនៅថ្ងៃអង្គារសប្តាហ៍នេះ អ៉ីរ៉ង់បានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ្វីដែលទីក្រុងតេហេរ៉ង់អះអាងថា ជាគោលដៅក្រុមភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន។ ខាងទីក្រុងអ៉ីស្លាម៉ាបាដ បានអះអាងថា កុមារ២នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់នោះ។ រដ្ឋាភិបាលអ៉ីរ៉ង់ បាននិយាយថា ការវាយប្រហារដោយមីស៉ីលនិងដ្រូនរបស់ខ្លួន បានកំណត់គោលដៅលើក្រុម Jaish al-Adl នៅប៉ាគីស្ថាន។
ទីក្រុងតេហេរ៉ង់និងទីក្រុងអ៉ីស្លាម៉ាបាដ ជារឿយៗបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធធ្វើប្រតិបត្តិការនៅក្នុងទឹកដីភាគីម្ខាងៗ ដើម្បីធ្វើសកម្មភាពវាយប្រហារ ប៉ុន្តែវាគឺជារឿងដ៏កម្រដែលកងកម្លាំងយោធាផ្លូវការនៃប្រទេសទាំងពីរ ចូលរួមពាក់ព័ន្ធបែបនេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ wion


ចែករំលែក៖