ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គមនានា ដែលមានអត្ថបទមួយចំនួនពាក់ព័ន្ធនឹងកងរាជអាវុធហត្ថដូចជា៖ ១-មេឈ្មួញឈ្មោះចែ ធី កំពុងតែត្រូវប៉ាន់ក្នុងមុខជំនួញលក់សាច់សត្វព្រៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាបសង្ស័យខ្លាចអំណាចប្តីគាត់ធ្វើយោធា និងកូនធ្វើប៉េអឹម…។
២-លោក សុខា សីហា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរងបណ្ដឹងពីបទ “រំលោភលើទំនុកចិត្ត”។
ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖
១-តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ អែម វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ បានឆ្លើយបំភ្លឺថា “នាងខ្ញុំមិនបាននិយាយដូចការផ្សព្វផ្សាយទេ សព្វថ្ងៃនេះនាងខ្ញុំមានតែកូនស្រី២នាក់ និងសូមបដិសេធចំពោះរឿងដែលសារព័ត៌មានផ្សព្វផ្សាយថា ខ្លួនមានប្តីធ្វើជាយោធា ប្អូនជីដូនមួយធ្វើជាប៉ូលិស អធិការនគរបាលស្រុកស្នួល និងមានកូនធ្វើជាអាវុធហត្ថ។
២-ឈ្មោះ សុខា សីហា គឺជានាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពិតប្រាកដមែន។ ចំពោះដីកាកោះឱ្យឈ្មោះ សុខា សីហា ចូលឆ្លើយបំភ្លឺពីដំណើររឿង “រំលោភលើទំនុកចិត្ត” ជាចំណាត់ការនីតិវិធីរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនពាក់ព័ន្ធឋានៈ មុខតំណែង តួនាទីក្នុងកងរាជអាវុធហត្ថឡើយ។ កងរាជអាវុធហត្ថ ក៏មិនបានការពារចំពោះយោធិននៃកងរាជអាវុធហត្ថណាប្រព្រឹត្តល្មើសច្បាប់ដែរ។
ខ្ញុំបាទសំណូមពរការផ្សព្វផ្សាយព័ត៌មាន សុំឱ្យមានវិជ្ជាជីវៈនិងគោរពសិទ្ធិបុគ្គលដូចមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ សូមគោរពអរគុណ ៕
ដោយ ៖ សិលា