ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការ អនុញ្ញាតឱ្យសេនានុព័ន្ធអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងបង្ហាញមុខនៅអគ្គបញ្ជាការដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក Tony Peck សេនានុព័ន្ធអូស្ត្រាលីថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខនៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក វរសេនីយ៍ឯក Tony Peck ដែលបានមកបំពេញបេសកកម្មការទូតលើវិស័យយោធានៅព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តម នាយឧត្តមសេនីយ៍ ថានឹងខិតខំពង្រឹងកិច្ចសហការមួយសេនានុព័ន្ធថ្មីបន្តទៀត ដើម្បីឱ្យការងារបេសកម្មការទូតនេះទទួលបានជោគជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពរយៈពេល២៥ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ក្នុងនោះការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីដែលមានសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីប្រកបដោយជោគជ័យ។

លើការទំនាក់ទំនងប្រទេសទាំងពីរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការបានលើកឡើងថា អូស្ត្រាលីបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជាតាំងពីឆ្នាំ១៩៥២ ហើយកន្លងមកអូស្ត្រាលីបានជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព ជួយគាំទ្រវិស័យនានា ដែលរួមមាន៖ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ដោះមីន សុខាភិបាល មនុស្សធម៌ រួមទាំងវ៉ាក់សាំងកូវីដ-១៩ផងដែរ។

ដោយឡែកលើវិស័យយោធា ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណអូស្ត្រាលី ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ តាមរយៈការជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ដូចជា៖ វគ្គបញ្ជាការសេនាធិការ វគ្គស្រាវជ្រាវយុទ្ធសាស្ត្រយោធា វគ្គនាយទាហានសកម្ម វគ្គបណ្ដុះបណ្ដាលភាសា និងការជួយចងក្រងសៀវភៅសការពារជាតិ ជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានសំណូមពរដល់ភាគីអូស្ត្រាលីឲ្យបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទថែមទៀត រួមនឹងការផ្លាស់ប្ដូរព័ត៌មានដើម្បីទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការលើការងារសង្គ្រោះគ្រោះមហន្តរាយ ការជួយពង្រឹងកងកម្លាំងបេសកកម្មថែរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព។ 

ក្នុងកិច្ចឆ្លើយតប លោក វរសេនីយ៍ឯក Tony Peck បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់រូបលោក ក៏ដូចជាការរៀបរាប់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងបច្ចុប្បន្នភាពនៅកម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យគាត់សម្គាល់។ 

លោក វរសេនីយ៍ឯក Tony Peck បានសន្យាថា នឹងរង់ចាំកិច្ចសហការជានិច្ច ជាមួយថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងពង្រីកដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ៖ សិលា


ចែករំលែក៖