ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង ស្ដីពី ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ អនុលោមតាមមាត្រា ៨ និងមាត្រា ២៩ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមជម្រាបជូន ដំណឹងដល់លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ទាំងអស់ជ្រាបអំពីកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៣ ដូចខាងក្រោម៖

១. សហគ្រាសត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (Tax on Income- Tol E-Filing) តាមរយៈតំណភ្ជាប់ www.tax.gov.kh/km/e-service ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

២. សហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងយឺតបំផុតក្នុងរយៈពេល ៣ខែ ក្រោយពីដំណាច់ឆ្នាំជាប់ពន្ធ។

៣. សហគ្រាសដែលមានសាខា ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំជាមួយគ្នា ដោយ សរុបលទ្ធផលរបស់គ្រឹះស្ថានជាគោលដើម និងគ្រប់សាខាទាំងអស់។ សហគ្រាស ត្រូវប្រកាសនូវបញ្ជី ឈ្មោះនៃគណនីចំណូលនិងចំណាយ និងតារាងទ្រព្យសកម្មរយៈពេលវែងរបស់សាខានីមួយៗ ដោយ វាយបញ្ចូលទៅក្នុងប្រព័ន្ធត្រង់ផ្នែក “សាខាសហគ្រាសក្នុងស្រុក”។

៤. ចំពោះបុគ្គលិក ឬភ្នាក់ងារសេវាកម្មពន្ធដារ ដែលទទួលបន្ទុកការងារដាក់លិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ ជំនួសមុខឱ្យអ្នកជាប់ពន្ធ ត្រូវភ្ជាប់ (Upload) ចូលទៅក្នុងប្រព័ន្ធនូវប័ណ្ណសម្គាល់ខ្លួនបុគ្គលិក ចំពោះបុគ្គលិកក្រុមហ៊ុន ឬលិខិតប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធចំពោះភ្នាក់ងារសេវាកម្ម ពន្ធដារ។

៥. គ្រប់សហគ្រាសទាំងអស់ ដែលមានកាតព្វកិច្ចដាក់លិខិតប្រកាសនឹងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវភ្ជាប់ (Upload) ចូលទៅក្នុងប្រព័ន្ធនូវតារាងតុល្យការ គណនីលទ្ធផល និងព័ត៌មានបន្ថែម (ប្រសិនបើមាន)។

ក្នុងករណីលោក-លោកស្រី មានសំណួរឬចម្ងល់ផ្សេងៗ សូមទាក់ទងជាមួយការិយាល័យសេវាអ្នកជាប់ពន្ធ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងសាខាពន្ធដារខេត្ត-ខណ្ឌដែលទាក់ទិន ឬអាចទូរស័ព្ទមក Call Center 1277 ឬចូលជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមនិងជឿជាក់ថា លោក-លោកស្រីជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិកវ របស់សហគ្រាសពិតជាយកចិត្តទុកដាក់ក្នុងការដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលតាមច្បាប់កំណត់ ៕

ដោយ ៖ សិលា


ចែករំលែក៖