ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ បានឲ្យដឹងថា រូបលោកបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសហការជាមួយកំលាំងសមត្ថកិច្ចថ្នាក់ជាតិ(បង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប)ប្រចាំការនៅកន្លែងអភិរក្សជលផល(ជ្រោយស្ដី)និងកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានប្រទះឃើញរថយន្ត១គ្រឿងកំពុងផ្ទុកលៀសចេញ ដោយគ្មានលិខិតអនុញ្ញាតពីមន្រ្តីជំនាញ ដើម្បីយកទៅបន្តនីតិវិធី ។
លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ ឲ្យដឹងទៀតថា កម្លាំងសហការចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលខាងលើ ធ្វើឡើងនៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៤(មាត់ទឹក)ស្ថិតនភភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក នាយផ្នែករដ្ឋបាលជលផលដដែលឲ្យដឹងបន្ថែមទៀតថា លទ្ធផលៈ បានឃាត់រថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 0729 ដឹកលៀស(ចំណីសត្វ)ចំនួន៤០០ការ៉ុង ស្មើនឹងទម្ងន់ចំនួន១៦តោន ដោយគ្មានលិខិតអនុញ្ញាត ។
វត្ថុតាង(លៀស)បានចាក់ចូលបឹងធម្មជាតិ(បឹងទន្លេសាប)វិញ ចំណែករថយន្តបានឯកភាពគ្នាឃាត់ និងបានកសាងសំណុំរឿងអុវត្តតាមនីតិវិធី ។ ចំពោះម្ចាស់រថយន្តដឹកលៀសដោយគ្មានលិខិតអនុញ្ញាត ហើយគេសង្ស័យការប្រមូលផលនេសាទនេះ បានមកពីការប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផល លោក ពុំបានបញ្ជាក់អំពីនីតិវិធីបន្តនោះទេ ។
ដោយឡែកៈ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំកំពង់លួង ស្រុកក្រគរ លើកឡើងស្រដៀងៗគ្នាថា ម្ចាស់រថយន្តដឹកលៀសដោយគ្មានលិខិតអនុញាតនេះ គេស្គាល់ឈ្មោះ ចែ វណ្ណី រស់នៅឃុំកំពង់លួង ស្រុកក្រគរ នេះតែម្ដង គាត់ជាឈ្មួញប្រមូលផលនេសាទ(លៀស)ធំជាងគេហើយ ហើយការដឹកជញ្ជូនរបស់គាត់តាមរយៈរថយន្តប្រភេទនេះ ទៅឡើងរថយន្តប្រភេទ(វេអង)ភ្នៅ៥នៅក្បែរៗនោះដែរ ដើម្បីបន្តទៅក្រៅប្រទេស(វៀតណាម)តាមច្រកព្រំដែនក្អមសំណ ។ ប្រភពដដែលឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ចែ វណ្ណី ប្រមូលផលនេសាទ(លៀស)ដ៏ធំនេះ សមត្ថកិច្ចធ្វើការបង្រ្កាប និងពិន័យអន្តរការរាប់សិបដងហើយ គេពុំដែលឃើញសមត្ថកិច្ចអនុវត្តច្បាប់សោះ ៕
ដោយ៖ ប៉ឹម ពិន