ភ្នំពេញ៖ ក្រសួងព័ត៌មានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយចាប់ផ្តើមបើកជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងពិធីបិទសន្និបាតនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អង្គសន្និបាតរយៈពេល ២ថ្ងៃនេះ នឹងមានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មានរួមមានអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះ ស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕
ដោយ៖ សូរិយា