ព័ត៌មានទាន់ហេតុការណ៍៖

យុវជនពិការជើងម្នាក់ឃើញក្មេងលេងបាល់ធ្លាក់ក្នុងទំនប់ទឹកសែនសុខដុម ចុះស្រង់ក៏លង់ទឹកខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ យុវជនពិការជើងម្នាក់ជាជនជាតិដើមភាគតិច មានទឹកចិត្តចង់ជួយស្រង់បាល់ចេញពីទឹក ដែលក្មេងលេងក្បែរនោះបានលេងធ្លាក់ក្នុងទំនប់ស្រាប់ តែអកុសលបានលង់ទឹកបណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១ រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ស្ថិតត្រង់ចំណុចទំនប់ទឹកសែនសុខដុម ដែលស្ថិតក្នុងភូមិ ដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះមានឈ្មោះ ដែង ទង ភេទ ប្រុស អាយុ២៣ឆ្នាំ  ជនជាតិព្នង សញ្ជាតិខ្មែរ  មានទីលំនៅបច្ចុប្បន្ន ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី។ មុនពេលកើតហេតុគេឃើញ មានកូនក្មេងមួយក្រុមមានគ្នាចំនួន៤ទៅ៥នាក់ បានលេងបាល់នៅក្បែរទំនប់ខាងលើនោះ ភ្លាមៗនោះបាល់បានធ្លាក់ចូលក្នុងទឹក ឃើញដូច្នោះ យុវជនពិការជើងនោះ មានទឹកចិត្តចុះទៅជួយយកបាល់ចេញពីក្នុងទឹកដើម្បីឱ្យកូនក្មេងមួយក្រុមនោះលេងបន្តទៀត ស្រាប់តែអកុសលក៏បានលិចខ្លួនក្នុងទំនប់នោះធ្វើឱ្យមានការផ្អើលឆោឡោដល់បងប្អូនប្រជាពលរដ្ឋមកជួយរុករកតែម្តង។

សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសុខដុម បានចុះទៅពិនិត្យសាកសព។

ក្រោយធ្វើការពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ដោយខ្លួនឯងប្រាកដមែន ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ។

បច្ចុប្បន្នសពខាងលើ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ 

ដោយ៖ សូរិយា


ចែករំលែក៖