ព័ត៌មានទាន់ហេតុការណ៍៖

ពេលសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង និងប្រព័ន្ធពាក់ព័ន្ធទាំងអស់បានរួចរាល់ ផ្ទៃដីស្រោចស្រពនឹងកើនឡើងដល់ ១៥០ ០០០ហិកតា សម្រាប់ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ពេលសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង និងប្រព័ន្ធពាក់ព័ន្ធទាំងអស់បានរួចរាល់ ពេលនោះផ្ទៃដីស្រោចស្រពនឹងកើនឡើងដល់ ១៥០ ០០០ហិកតា សម្រាប់ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ។ នេះជាការបញ្ជាក់អោយដឹងពី លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ខណះចុះពិនិត្យផ្ទៀងផ្ទាត់លើទីតាំងសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង នៅស្រុកសំឡូត ខេត្តបាត់ដំបង ។

លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយមន្ត្រីបច្ចេកទេសក្រសួង លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យផ្ទៀងផ្ទាត់លើការសិក្សាកន្លងមក ដើម្បីបញ្ជាក់ពីសុក្រឹតភាពវិស្វកម្មឈានទៅធ្វើការអនុវត្តការសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង នៃប្រព័ន្ធធារាសាស្រ្តស្ទឹងក្រញូងដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ 

លោករដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា  ក្រោយពេលសាងសង់រួចអាងទឹកស្ទឹងក្រញូងអាចស្តុកទឹកបានចំនួន ៥០០លានម៉ែត្រត្រីគុណ ដែលធានាដល់ការប្រើប្រាស់លើគ្រប់វិស័យក្នុងតំបន់សំឡូត រតនមណ្ឌល និងប៉ៃលិន បានរាប់ម៉ឺនហិកតា របស់បងប្អូនជាច្រើនម៉ឺនគ្រួសារ និងជួយផ្គត់ផ្គង់ទឹកបន្ថែមដល់ទំនប់អាងសេកសក តំបន់កង្ហត មោងឬស្សី ព្រែកជីក គាស់ក្រឡ សាលាតាអន ឯកភ្នំ អន្លង់វិល សង្កែ និងជាពិសេសបង្កើនបានជាអតិបរិមានូវបរិមាណទឹកដ៏ច្រើនបំផុតឱ្យតំបន់អាងទឹកកំពីងពួយ។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានលើកឡើងថា ប្រព័ន្ធអាងទឹកក្រញូងមានទំនាក់ទំនងយ៉ាងសកម្មជាមួយនឹងប្រភពទឹកផ្សេងៗទៀតមកពីតំបន់ប៉ៃលិនគឺប្រព័ន្ធអាងទឹក និងជ្រោះដ៏ជ្រៅអូរស្លេវដែលអាចជួយសង្គ្រោះផ្ទៃដីដាំដុះ និងបម្រើបម្រាស់ឱ្យគ្រប់វិស័យទាំងអស់បានជាច្រើនម៉ឺនហិកតាបន្ថែមទៀតដល់តំបន់អូរដូនតារបស់ខេត្តប៉ៃលិន តំបន់សំឡូត តំបន់អូរម៉ាល់ តំបន់បាណន់របស់ខេត្តបាត់ដំបង និងតំបន់ព្រៃខ្ពស់ តំបន់អូរស្ងួត តំបន់អូរចារ និងតំបន់អូសឿររបស់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ។ ក្រោយពេលសាងសង់ធ្វើទំនើបកម្មវិស្វកម្មរួចទំនប់អាងទឹកអូរស្លេវ ដែលស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានសមត្ថភាពស្តុកទឹកបាន ១៥០លានម៉ែត្រត្រីគុណ។

លោករដ្ឋលេខាធិការបញ្ជាក់ថា ៖ ពេលសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង និងប្រព័ន្ធពាក់ព័ន្ធទាំងអស់បានរួចរាល់ ពេលនោះផ្ទៃដីស្រោចស្រពនឹងកើនឡើងដល់ ១៥០ ០០០ហិកតា សម្រាប់ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ហើយបងប្អូនប្រជាកសិករនឹងសប្បាយរីករាយដោយសារការផលិតបាន ២-៣ ដង ក្នុងមួយឆ្នាំ៕

ដោយ ៖ សិលា


ចែករំលែក៖